Slide show

លោក ​ John Paul DeJoria ​លាត​ត្រដាង​ពី​ទម្លាប់​​​សាមញ្ញ​ៗ​ដែល​​បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី​​ហួស​ពី​ការ​ស្មាន



លោក   John Paul DeJoria គឺ​ជា​មហាសេដ្ឋី​អាមេរិក​​ និង​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​ផលិតផល​សក់ Paul Mitchell និង ក្រុមហ៊ុន Patron។ ក្នុង​វ័យ ៧០ ឆ្នាំ​ទៅ​ហើយ​នោះ មហាសេដ្ឋី​រូប​នេះ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២,៨ ពាន់​លាន​​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០១៥​នេះ។ នេះ​បើ​យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​របស់​​ទស្សនាវដ្ដី Forbes។


ក្នុង​នាម​ជា​សហគ្រិន​ជោគជ័យ​មួយ​រូប​ នៅ​ពេល​នេះ​លោក​មាន​ទស្សន​មួយ​ចំនួន​​សម្រាប់​ចែក​រំលែក​ដល់​​ប្រិយមិត្ត​ស្វែង​យល់​ជា​ពិសេស​សម្រាប់​សហគ្រិន​ទូទៅ​តែ​ម្តង​​ពី​អ្វី​ដែល​​លោក​យល់​ឃើញ​ក្នុង​ជីវិត​ការងារ​​ប្រចាំ​ថ្ងៃ​របស់​លោក។


«ខ្ញុំ​ជា​មនុស្ស​ដែល​ចូលចិត្ត​ក្រោក​ពី​គេង​នៅ​ព្រឹកព្រលឹម»។ នេះ​ជា​ប្រសាសន៍​ដំបូង​របស់​​មហាសេដ្ឋី​មក​ពី​រដ្ឋ California រូប​នេះ។ លោក​បាន​បន្ត​​ថា៖« ខ្ញុំ​មិន​ខ្វល់​ថា​ ខ្ញុំ​​​នៅ​កន្លែង​ណា​ នៅ​ផ្ទះ​អ្នកណា​ ឬ ​ទៅ​គេង​នៅ​កន្លែង​ណា​នោះ​ទេ ខ្ញុំ​តែ​​ក្រោក​ពី​គេង ហើយ​អង្គុយ​លើ​គ្រែ​ប្រមាណ ៥ នាទី​ទើប​ងើប​ដើរ​ចេញ ហើយ​ខ្ញុំ​ក៏​មិន​អាច​ប្រាប់​បាន​ដែរ​ថា ​​ការ​ធ្វើ​បែប​នេះ​មាន​ប្រយោជន៍​អ្វី​នោះ​ដែរ»។
លោក​បាន​ចាត់​ទុក​ខ្លួន​លោក​ជា​មនុស្ស​សាមញ្ញ​ដូច្នេះ​ថា៖« ខ្ញុំ​មិន​បាន​គិត​​លើ​គម្រោង​របស់​ខ្ញុំ​ថា ត្រូវ​​ធ្វើ​អី មើល​របៀបវារៈ​ការងារ ឬ លើក​ទូរស័ព្ទ​អី​នោះ​ទេ​នៅ​ពេល​ក្រោក​ពី​គេង​ភ្លាមៗ​។ រឿង​ដ៏​សាមញ្ញ​នោះ​គឺ​ថា ខ្ញុំ​គ្រាន់តែ​បើក​ភ្នែក និង ​​​ធ្វើ​ការ​ងារ​ដែល​ខ្ញុំ​កំពុង​ធ្វើ​ឲ្យ​បាន​រួចរាល់​​ដាច់ស្រេច​ភ្លាមៗ​​តែម្តង»។
«ក្រោក​ពី​គេង​ភ្លាមៗ ខ្ញុំ​មិន​ចាប់​អារម្មណ៍ ឬ យក​ត្រចៀក​ស្តាប់​​សម្តី​អ្នកណា​ភ្លាមៗ​នោះ​ដែរ។ ខ្ញុំ​គ្រាន់តែ​ងួត​ទឹក​ឲ្យ​ស្អាត ​ទទួល​ទាន​អាហារ​ពេល​ព្រឹក និង កាហ្វេ​មួយ​កែវ គឺ​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្ញុំ​នៅ​​ព្រឹក​ព្រលឹម​មាន​ភាព​រីករាយ។ បន្ទាប់​មក​ខ្ញុំ​ក៏​ចាប់​ផ្តើម​​គិត​ពី​អ្វី​ដែល​​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្ញុំ​កាន់តែ​ល្អ​ប្រសើរ និង ចង់​ឃើញ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​​រស់​នៅ​យ៉ាង​សុខ​ស្រួល​ជានិច្ច»។ នេះ​ជា​ការ​លើក​ឡើង​របស់​មហាសេដ្ឋី  John Paul DeJoria។

លោក​បាន​ផ្ដល់​ដំបូន្មាន​ទៀត​ថា៖« ខ្ញុំ​ជា​​មនុស្ស​ដែល​ស្រលាញ់​នូវ​អ្វី​ដែល​ខ្ញុ​ត្រូវ​ធ្វើ ធ្វើ​អ្វី​សម្រាប់​មនុស្ស​ដែល​ខ្ញុំ​​ស្រលាញ់ និង ជា​មួយ​មនុស្ស​ដែល​​ធ្វើ​ការ​ជា​មួយ​ខ្ញុំ​។ វា​ពិត​ជា​មាន​សារសំខាន់​ណាស់​ដែល​ថា ថាមពល​របស់​ខ្ញុំ​កាន់តែ​​ខ្លាំង​ឡើង​នៅ​ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​ជា​មួយ​ក្រុម​ការងារ​របស់​ខ្ញុំ។ អ្នក​ត្រូវ​មាន​មហិច្ឆតា​ឲ្យ​ធំ​បន្តិច»។

បន្ទាប់​មក​​ក្រោយ​ពី​បាន​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​រួច​ហើយ​ លោក​ចាប់​ផ្តើម​គិតគូរ​ពី​ការងារ​របស់​លោក ​​ថា​តើ​លោក​ត្រូវ​ធ្វើ​អ្វី​ខ្លះ? នេះ​​តម្រូវ​ឲ្យ​លោក​ហៅ​ទូរស័ព្ទ​ទៅ​កាន់​ក្រុម​ការងារ​​ ឬ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​របស់​លោក​នៅ​ពេល​​​ម៉ោង​ធ្វើ​ការ​ចូល​មក​ដល់ និង ឆ្លើយ​តប​ទៅ​នឹង​​បញ្ហា​បន្ទាន់​ណា​មួយ ជា​ពិសេស​នោះ គឺ​កត់ត្រា​ចំណុច​សំខាន់ៗ​​ដែល​លោក​ត្រូវ​ធ្វើ​។

​រឿង​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​មួយ​ទៀត​នោះ​គឺ​ថា លោក  John បាន​សារភាព​ថា លោក​មិន​ដែល​​ប្រើ​អ៊ីមែល​​ម្តង​ណា​​ និង គ្មាន​ផ្លូវ​ប្រើ​វា​នោះ​ឡើយ​នៅ​ពេល​អនាគត។ ​ប្រសិន​បើ​លោក​ចង់​ទំនាក់ទំនង​អ្នក​ណា​ម្នាក់ ឬ ក្រុម​ការងារ​របស់​លោក​ លោក​នឹង​ប្រើប្រាស់​ទូរស័ព្ទ​ភ្លាម។
ទន្ទឹម​​នឹង​នេះ​ លោក​ក៏​បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​​ធ្វើ​ឲ្យ​ការងារ​មាន​ប្រសិទ្ធភាព និង គ្រប់គ្រង​​ពេលវេលា​​ផង​ដែរ​ដោយ​​បាន​លើក​ឡើង​ដូច្នេះ​ថា៖« ដើម្បី​​​​ផ្ទេរ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព និង  មិន​ខ្ជះខ្ជាយ​ពេល​វេលា ​អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​មាន​ក្រុម​ការងារ​ដ៏​រឹងមាំ​មួយ​ដែល​អាច​ធ្វើ​បាន​​ច្រើន​ជាង​​ធម្មតា។ ថ្ងៃ​នេះ​មិន​ដូច​ថ្ងៃ​ម្សិលមិញ​នោះ​ទេ ហេតុដូច្នេះ​ហើយ ការ​ក្រោក​ពី​គេង​នៅ​ព្រឹកព្រលឹម និង ធ្វើ​ការងារ​ដោយ​ស្វាហាប់​​​ចប់​ចុង​ចប់​ដើម ​លទ្ធផល​នឹង​ហួស​ពី​ការ​រំពឹង​ទុក។

ពាក្យ​មួយ​ឃ្លា​របស់​លោក​ចុងក្រោយ​​របស់​មហាសេដ្ឋី  John  ដែល​​ប្រិយមិត្ត​គួរ​ពិចារណា​នៅ​ពេល​នេះ​​គឺ​ថា “បុគ្គល​ជោគជ័យ​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដែល​បុគ្គល​បរាជ័យ​មិន​ចង់​ធ្វើ​”។

លោក​និយាយ​ថា៖« ខ្ញុំ​មាន​ពេលវេលា ២៤ ក្នុង​មួយ​ថ្ងៃ​ដូច​មនុស្ស​គ្រប់គ្នា​ដែរ ហើយ​ខ្ញុំ​សូម​ផ្តាំ​ថា ខ្ញុំ​ជា​មនុស្ស​ស្រលាញ់​​​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​​ស្ទើរ​ពេញ​មួយ​ឆាក​ជីវិត​របស់​ខ្ញុំ។ នេះ​ជា​ទម្លាប់​របស់​ខ្ញុំ ហើយ​វា​ពិត​ជា​ល្អ​សម្រាប់​ខ្ញុំ​»។

No comments: