Slide show

តើ​សេដ្ឋី​​វ័យ​ក្មេង មុខ​ស្រស់ Nick D’Aloisio ឆក់​ប្រាក់​ពី​​​ Yahoo ​បាន​​៣០​លាន​ដុល្លារ​ដោយ​របៀបណា?

 Nick D’Aloisio គឺ​ជា​សេដ្ឋី​វ័យក្មេង និង​ជា​សហគ្រិន​​ដ៏​ស្រស់​សង្ហា​សញ្ជាតិ​​អង់គ្លេស​​ដើម​កំណើត​អូស្ត្រាលី​ដ៏​មាន​សក្ដានុពល​ម្នាក់​នៅ​ក្នុង​សតវត្ស​ទី​២១​នេះ។ ​មាន​វ័យ​ត្រឹម​តែ ១៩ ឆ្នាំ​​មក​ដល់​ឆ្នាំ ២០១៤​នេះ កំពូល​​សហគ្រិន​បច្ចេកវិទ្យា​លើ​កម្មវិធី​កុំព្យូទ័រ​រូប​នេះ​មាន​ភាព​ល្បីល្បាញ​កាន់តែ​ខ្លាំង​ឡើង​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​នៅ​តាម​បណ្ដាញ​សារព័ត៌មាន​​អន្តរជាតិ​នានា​ជា​ច្រើន​ ជា​ពិសេស​​​តាម​រយៈ​ប្រាក់​ចំណូល​ដែល​លោក​ទទួល​បាន​ពី​ការ​លក់​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​ទៅ​​ឲ្យ​​​ក្រុមហ៊ុន​យក្ស​ Yahoo ក្នុង​ទឹកប្រាក់​៣០​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៣។


​លោក Nick ត្រូវ​បាន​គេ​​ទទួល​ស្គាល់​ថា​​យុវជន​ម្នាក់​​មាន​ដុង​ (ទេពកោសល្យ​​) ​ខ្ពស់​ខាង​បច្ចេកវិទ្យា​ ជា​ពិសេស​​លើ​កម្មវិធី​កុំព្យូទ័រ​តែម្តង​តាំង​ពី​នៅ​កុមារ​ភាព​ម្ល៉េះ។ ហេតុដូច្នេះ​នេះ​នៅ​ពេល​ដែល​ឈាន​វ័យ​ដល់​១៥ ឆ្នាំ​មិន​ទាន់​បាន​ស្រួលបួល​ផង​ ​ស្រប​ពេល​មាន​គ្រឹះ​ពី​តូច​មក​ផង យុវជន​ម្នាក់​នេះ​សម្រេច​ចិត្ត​បង្កើត​អាជីវកម្ម​ខ្លួន​ឯង​​​នៅ​ឆ្នាំ ២០១០ បង្កើត​ក្រុមហ៊ុន​​បច្ចេកវិទ្យា​មួយ​ឲ្យ​ឈ្មោះ​ថា Summly ក្រោម​ជំនួយ ៥ សែន​ដុល្លារ​ពី​សេដ្ឋី​ហុងកុង Li Ka-shing

ក្រុមហ៊ុន​នេះ​ផ្ដោត​លើ​​ការ​ផ្តល់​សេវាកម្ម​បង្កើត​កម្មវិធី​កុំព្យូទ័រ (Computer Program) ដែល​មាន​ដូច​ជា​កម្មវិធី​​បច្ចេកវិទ្យា​ Artificial Intelligence Technology។ យ៉ាងណាមិញ​ក្រោយ​គេ​មើល​ឃើញ​ថា ក្រុមហ៊ុន​​​ក្មេងខ្ចី​មួយ​នេះ​មាន​សក្ដានុពល​ខ្លាំងក្លា​នៅ​ពេល​អនាគត ក្រុមហ៊ុន​ Yahoo ក៏​សម្រេចចិត្ត​ទិញ​ក្រុមហ៊ុន​នេះ​យក​​ទាំងស្រុង​តែម្តង​​ពី​​យុវជន​ Nick ក្នុង​តម្លៃ​ ៣០​លាន​ដុល្លារ​។​

បន្ថែម​លើស​ពី​នេះ​អ្វី​ដែល​ជា​មាន​មោទនភាព​ជាង​នេះ​​​ទៅ​ទៀត​នោះ​គឺ​ Yahoo ថែម​ទាំង​ផ្តល់​តំណែង​មួយ​​​​ឲ្យ​សេដ្ឋី​វ័យក្មេង​ម្នាក់​នេះ​ធ្វើ​ការ​​នៅ​ក្នុង​ក្រុមហ៊ុន​​របស់​ខ្លួន​​ទៀត​ផង។ ទឹកប្រាក់​ខាងលើ​បាន​ធ្វើ​ឲ្យNick D’Aloisio ក្លាយ​ជា​សេដ្ឋី​​រក​ប្រាក់​ចំណូល​ដោយ​ខ្លួន​​ក្មេង​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក និង ជា​យុវជន​មាន​ឥទ្ធិពល​ជាងគេ​បំផុត​​ទាំង​១០០ របស់​ទស្សនាវដ្ដី Time ។ ​

ជា​​និស្សិត​​ថ្នាក់​បរិញ្ញាបត្រ​​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ Oxford នា​ពេល​បច្ចុប្បន្ន​នេះ សេដ្ឋី Nick D’Aloisio ពេល​បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​ជា​​ប្រធាន​ដឹកនាំ​កម្មវិធី Yahoo News Digest ដែល​បាន​​រៀបចំ​ឡើង​នៅ​​​ក្នុង​​កម្មវិធី​ CES 2014 និង បាន​ឈ្នះ​ពាន​រង្វាន់ 2014 Apple Design Award ទៀត​ផង។ ​​


Nick D’Aloisio៖ នេះ​ជា​ពេលវេលា​មួយ​ខ្ញុំ​​មាន​ការ​ភ្ញាក់ផ្អើល​បំផុត។ ខ្ញុំ​ពិត​ជា​ចង់​ធ្វើ​ការ និង បន្ត​មហិច្ឆតា​របស់​ខ្ញុំ​នៅ​ក្នុង​ក្រុមហ៊ុន​ Summly ខ្លាំង​ណាស់​។ តម្លៃ​ដែល​ក្រុមហ៊ុន Yahoo ​ចំណាយ​មក​លើ​ក្រុមហ៊ុន​របស់​ខ្ញុំ គឺ​ជា​តម្លៃ​មួយ​​ដ៏​មិន​គួរឲ្យ​ជឿ​​ប្រៀប​ដូច​ជា​បដិវត្ត​​ដ៏​ធំ​មួយ​របស់​ក្រុមហ៊ុន Summly ផង​ដែរ ​។

សំនួរ៖ តើ​លោក​​ចង់​បង្ហាញ​អ្វី​ខ្លះ​ដល់​សាធារណជន​​​ពី​កម្មវិធី Yahoo News Digest?

Nick D’Aloisio៖ Yahoo News Digest គឺ​ជា App ​ដ៏​មាន​សារសំខាន់​បំផុត​ដែល​​ចែក​រំលែក​ព័ត៌មាន​២​ដង​ក្នុង​មួយ​ថ្ងៃ​ដល់​អតិថិជន​តាម​រយៈ​ការ​ប្រើប្រាស់ Device របស់​ Mobile Phone។ ​វា​ជា​បណ្ដុំ​នៃ​ព័ត៌មាន​​យ៉ាង​ច្រើន​សំបូរ​បែប​​សម្រាប់​​សាធារណជន​​ប្រើប្រាស់​ស្វែង​យល់​ព័ត៌មាន​នៅ​ជុំវិញ​ពិភពលោក។ លើស​ពី​នេះ​ទៅ​ទៀត វា​បាន​ជួយ​​សង្ខេប​ព័ត៌មាន​​ជា​មាតិកា​សំខាន់ៗ​សម្រាប់​អ្នក​ប្រើប្រាស់​អាន​ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​យូរ។ ក្រៅ​ពី​នេះ​ក៏​មាន​ដែរ​​នូវ​ការ​ផ្តល់​ជូន​ព័ត៌មាន​ទាំង​នោះ​ជា​មួយ​រូបភាព វីដេអូ Tweets ផែនទី និង សម្លេង​ជា​ដើម​​សម្រាប់​សម្រួល​ដល់​អ្នក​ប្រើប្រាស់​​​បាន​ដឹង​កាន់តែ​ច្បាស់។ ​​​

សំនួរ៖ ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ ក្រៅ​ពី​ធ្វើ​ការ​តើ​លោក​​ចូលចិត្ត​ធ្វើ​អ្វី​ខ្លះ?

Nick D’Aloisio៖  តាម​ពិត​ទៅ​វា​គ្មាន​អ្វី​ចម្លែក​នោះ​ទេ។ ខ្ញុំ​រស់​នៅ​ជា​លក្ខណៈ​សាមញ្ញ​ដូច​​យុវជន​ទូទៅ​ដែល​រស់​នៅ​ទីក្រុង​នេះ​ដែរ (ទីក្រុង​ឡុង)។ ខ្ញុំ​ជានិច្ចកាល​​ធ្វើ​ដំណើរ​កម្សាន្ត​ ឬ ជួបជុំ​មិត្តភក្ដិ​នៅ​ចុង​សបា្តហ៍ និង បំពេញ​កិច្ចការ​សាលា​ជា​ច្រើន​ទៀត គឺ​ច្រើន​រឹតតែ​មែនទែន​តែម្តង​។​​​

សំនួរ៖ តើ​អ្វី​ទៅ​ជា​កំហុស​របស់​សហគ្រិន​ដែល​គួរ​ជៀសវាង​នៅ​ពេល​ទទួល​បាន​​​ប្រាក់​កម្ចី​យក​ទៅ​ធ្វើ​ជា​ដើមទុន​​​សម្រាប់​ការ​វិនិយោគ?

Nick D’Aloisio៖ ខ្ញុំ​​គិត​ថា សហគ្រិន​ខ្លះ​​បាន​ផ្ដោត​ខ្លាំង​ពេក​លើ​គំនិត​អាជីវកម្ម​របស់​ខ្លួន តែ​​តាម​ពិត​ការ​អនុវត្ត​គម្រោង និង ​​​​ការ​កំណត់​ទំហំ​ភាព​ជោគជ័យ​របស់​ខ្លួន​វា​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​សម្រាប់​ដោះស្រាយ​បញ្ហា​​នានា។ យើង​​ត្រូវ​ដឹង​ថា គម្រោង និង ការ​អនុវត្ត​​គម្រោង​ទាំង​នោះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​មួយ​ប៉ុណ្ណោះ​នៅ​ក្នុង​អាជីវកម្ម។

សំនួរ៖ ជា​ចុងក្រោយ តើ​លោក​មាន​ដំបូន្មាន​អ្វី​ខ្លះ​​​សម្រាប់​ផ្តាំ​ផ្ញើរ​ដល់​សហគ្រិន ក៏​ដូច​ជា​សាធារណជន​ទូទៅ​​​នៅ​​ពេល​នេះ?

Nick D’Aloisio ៖ កំណប់​មាស​ដ៏​ធំ​មាន​ច្រើន​ណាស់​នៅ​​តាម​អនឡាញ ដែល​ជា​គោលដៅ​ចម្បង​មួយ​​សម្រាប់​រង់ចាំ​អ្នកណា​ម្នាក់​ដែល​ចង់​ជោគជ័យ។ អនឡាញ គឺ​ជា​បណ្ដុំ​នៃ​ចំណេះដឹង​យ៉ាង​ច្រើន​លើសលប់​សម្រាប់​បង្កើន​ចំណេះដឹង​​ដល់​​អ្នក​ដែល​ពូកែ​ស្រាវជ្រាវ​ក្នុង​​គម្រោង​អាជីវកម្ម ឌីសាញ និង ទីផ្សារ។ ខ្ញុំ​សូម​បញ្ជាក់​ផង​ដែរ​ថា បើ​ចង់​ធ្វើ​អាជីវកម្ម​កុំ​ខ្លាច​ការ​បរាជ័យ ព្រោះ​ថា​គ្មាន​អ្វី​ល្អ​ប្រសើរ​ជាង​ភាព​បរាជ័យ​នៅ​ក្នុង​អាជីវកម្ម​នោះ​ឡើយ ព្រោះ​ថា​វា​នឹង​ធ្វើ​ឲ្យ​យើង​​កាន់តែ​រឹងមាំ​​​សម្រេច​ភាព​ជោគជ័យ​របស់​យើង​៕



No comments: