Slide show

គោលការណ៍ ៦ យ៉ាងដើម្បីក្លាយជាអ្នកមាន


        ប្រសិនបើអ្នកមានបំណងចង់ក្លាយជាអ្នកមានទ្រព្យសម្បត្តិ សូមពិចារណាគោលការណ៍ ៦យ៉ាងខាងក្រោមនេះ។ គន្លឹះទាំងនេះទាមទារឲ្យអ្នកប្រើពេលវេលា និងភាពអត់ធ្មត់ ប៉ុន្ដែវាជាគន្លឹះនាំឲ្យអ្នកជោគជ័យ។


 ១. បណ្ដាក់ទុនចំណេះដឹង
           ការបណ្ដាក់ទុនចំណេះដឹងគឺជាការបណ្ដាក់ទុនមួយដែលផ្ដល់ផលចំណេញពេញមួយជីវិតរបស់អ្នក។ ការបណ្ដាក់ទុនក្នុងការសិក្សា មិនត្រឹមតែផ្ដល់ឲ្យអ្នកនូវការបណ្ដាក់ទុនក្នុងការអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះ ប៉ុន្ដែវាក៏បានជួយក្រាលផ្លូវសម្រាប់អនាគតរបស់អ្នកផងដែរ។
ការទទួលបានចំណេះដឹងត្រឹមត្រូវអាចជួយឲ្យអ្នកទទួលបានអាជីពសមប្រកបមួយដែលនឹងនាំអ្នកទៅរកភាពរុងរឿងសមតាមប្រាថ្នា។ ក្នុងទីផ្សារបច្ចុប្បន្ន ចំណេះដឹងជារឿងដ៏សំខាន់មួយដែលនាំអ្នកទៅរកជោគជ័យក្នុងជីវិត។

 ២. រស់នៅយ៉ាងសាមញ្ញរហូតអ្នកក្លាយជាអ្នកមាន
             មនុស្សជាច្រើនបានសម្រេចចិត្តប្រើជីវិតតាមបែបផែនដែលគេប្រាថ្នាចង់បាន ជំនួសឲ្យការប្រើជីវិតដែលពួកគេកំពុងមាន។ គំនិតនេះមិនត្រឹមត្រូវទាំងស្រុងនោះទេ អ្នកគួរព្យាយាមរស់នៅយ៉ាងសាមញ្ញតាមដែលអាចធ្វើបាន រហូតទាល់តែអ្នកក្លាយជាអ្នកមានទ្រព្យ ហើយអ្នកក៏ត្រូវរស់នៅយ៉ាងរីករាយចំពោះផ្លែផ្កាដែលបានពីកម្លាំងពលកម្មរបស់អ្នកផងដែរ។ វាហាក់ដូចជាលំបាកបន្ដិច ប៉ុន្ដែថវិកាដែលអ្នកសន្សំបានអាចក្លាយជាទុនមួយសម្រាប់ការបណ្ដាក់ទុននាពេលអនាគតរបស់អ្នក។

 ៣. ព្យាយាមរស់ដោយគ្មានបំណុល
            មនុស្សជាច្រើនបានយល់ស្របចំពោះសុភាសិត៖ «យកលុយដើម្បីបង្កើតលុយ»។ នេះជាការពិតនៅក្នុងកាលៈទេសៈមួយចំនួន។ ប៉ុន្ដែអ្នកត្រូវយល់ថា ប្រសិនបើអ្នកចំណាយលុយដើម្បីបង្កើតប្រាក់ចំណូលដែលនាំឲ្យជាប់ពាក់ព័ន្ធនឹងបំណុលនោះ ជាការល្អអ្នកគួរតែចៀសវាងពីវិធីសាស្ត្រនេះ។ បំណុលជារឿងមិនទៀង ហើយវាអាចនឹងរុញច្រានអ្នកឲ្យផុងខ្លួនជ្រៅរហូតដកខ្លួនមិនរួចក៏មាន។

 ៤. បង្កើតផែនការជីវិត
      បង្កើតផែនការនៃគោលដៅជីវិតរបស់អ្នក ហើយគូសវាសវាក្នុងទ្រង់ទ្រាយធំ ។ បន្ទាប់មកត្រូវគ្រោងពីដំណើរការដើម្បីឈានទៅដល់គោលដៅធំក្នុងជីវិត ដោយអ្នកអាចចំណាយពេលតិចជាងមួយម៉ោងក្នុងមួយថ្ងៃដើម្បីធ្វើអ្វីមួយដែលនាំអ្នកទៅរកគោលដៅនោះ។ អ្នកត្រូវចាប់ផ្ដើមរៀបចំវាឡើង ដើម្បីភាពជោគជ័យ និងភាពរុងរឿងខាងទ្រព្យសម្បត្តិដែលអ្នកប្រាថ្នាចង់បាន។

 ៥. ការរកលុយមានច្រើនវិធី
         មនុស្សគ្រប់គ្នាសុទ្ធតែចង់ក្លាយជាអ្នកមាន ប៉ុន្ដែពួកគេគិតថាមានតែវិធីសាស្ដ្រពីរបីចំណុចប៉ុណ្ណោះដែលអាចជួយឲ្យពួកគេក្លាយជាអ្នកមានបាន។ ប្រសិនបើអ្នកចំណាយពេលវេលាដើម្បីស្វែងពីពិភពលោកនេះ អ្នកនឹងដឹងថាវាគឺជាកន្លែងបើកចំហ និងធ្វើចលនាជានិច្ច។ អ្នកមិនចាំចាច់ត្រូវតែធ្វើជាវេជ្ជបណ្ឌិត ឬមេធាវី ទើបអាចក្លាយជាអ្នកមាននោះទេ។ អ្នកអាចដើរផ្លូវផ្សេងទៀតដើម្បីភាពជោគជ័យដែលនាំអ្នកឲ្យក្លាយជាអ្នកមានសមតាមបំណង។ ចូរចាំថា ជម្រើសនៃអាជីពរបស់អ្នកគ្មានដែនកំណត់នោះទេ។

 ៦. ត្រៀមខ្លួនសម្រាប់ការពុះពារឧបសគ្គ 
    មនុស្សគ្រប់គ្នាចង់មានទ្រព្យសម្បតិ្ដហូរហៀរ ប៉ុន្ដែវាមិនមែនជារឿងស្រួលទេ។ ប្រសិនបើវាជារឿងងាយស្រួល មនុស្សគ្រប់គ្នានឹងក្លាយជាអ្នកមាន។ អ្នកត្រូវត្រៀមខ្លួនដើម្បីជំនះគ្រប់ឧបសគ្គ។ អ្នកគួរជ្រើសរើសការងារដែលអ្នកស្រលាញ់ចូលចិត្ត ទោះបីជាមានមនុស្សជាច្រើនបានធ្វើការងារនោះដោយមិនទទួលផលកម្រៃក៏ដោយ។ នៅក្នុងពិភពពោរពេញដោយភាពច្នៃប្រឌិតនាពេលបច្ចុប្បន្ននេះមានឱកាសច្រើនណាស់ក្នុងបង្កើតប្រាក់ចំណូល។ គំនរលុយជាច្រើនកំពុងរង់ចាំអ្នក ប្រសិនបើអ្នកមានសមត្ថភាពជម្នះឧបសគ្គដើម្បីទៅយកវា វានឹងក្លាយជារបស់អ្នក។ អ្នកត្រូវធ្វើឲ្យបានល្អបំផុតចំពោះអ្វីដែលអ្នកស្រលាញ់ នោះលទ្ធផលចុងក្រោយអ្នកនឹងទទួលបានទ្រព្យសម្បត្តិដែលអ្នកសម្លឹងមើលនោះ៕

No comments: