Slide show

មហាសេដ្ឋី និងបុគ្គល​ល្បីៗ៨រូបគ្រោង​​បរិច្ចាគ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ទាំង​ស្រុង​ពេល​ស្លាប់​​ ដោយ​មិន​ទុក​ឱ្យ​កូន​ៗ និង​គ្រួសារ

      ទោះបីជា​បុគ្គល​ជា​ច្រើន​បាន​​ក្លាយ​​ជា​មហាសេដ្ឋី ឬ ជា​បុគ្គល​ល្បីៗ​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​មហាសាល​យ៉ាងណា​ក៏ដោយ ​គេ​នៅ​តែ​រក​ឃើញ​ថា ក្នុង​ចំណោម​បុគ្គល​ទាំង​នោះ​មាន​​តិចណាស់​ដែល​ហ៊ាន​​​​បរិច្ចាគ​ទ្រព្យសម្បត្តិ​របស់​​ខ្លួន​ទាំងស្រុង​ចូល​​ធ្វើ​ជា​មូលនិធិ​មនុស្សធម៌​នានា​នៅ​ជុំវិញ​ពិភពលោក។ នេះ​ជា​រឿង​មួយ តែ​រឿង​មួយ​ទៀត​​ដែល​ប្រិយមិត្ត​គួរ​​ដឹង​នៅ​ពេល​នេះ គឺ​ងាក​មក​ចាប់​អារម្មណ៍​មហាសេដ្ឋី និង បុគ្គល​ល្បីៗ​ដែល​​គ្រោង​បរិច្ចាគ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ទាំងស្រុង​​នៅពេល​ដែល​ខ្លួន​ទទួលមរណភាព​វិញ​ម្តង? តើ​បុគ្គល​ទាំង​នោះ​ជា​អ្នកណា?​​​​



១)​ មហាសេដ្ឋី​អាមេរិក Warren Buffett ប្រធាន​ក្រុមហ៊ុន​Berkshire Hathaway

​ក្នុង​នា​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​លំដាប់​ទី​៣​​នៅ​លើ​ពិភពលោក​​Warren Buffettបាន​ប្រកាស​ថា លោក​នឹង​មិន​ផ្ទេរ​​ទ្រព្យសម្បត្តិ​របស់​លោក​​ទៅ​ឲ្យ​កូនៗ​របស់​លោក​នោះ​ឡើយ​នៅ​ពេល​ដែល​លោក​ស្លាប់​។ ក្នុង​អាយុ ៨៤ ឆ្នាំ និង មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៦៧,៦ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ដៃ មហាសេដ្ឋី​រូប​នេះ​បាន​​មាន​ប្រសាសន៍​ថា ​លោក​នឹង​​បរិច្ចាគ​ទ្រព្យសម្បត្តិ​​របស់​លោក​ចំនួន​ ៩៩%​​ សម្រាប់​សកម្មភាព​មនុស្សធម៌​ជុំវិញ​ពិភពលោក ក្នុង​នោះ ៨៣% ទៅ​ឲ្យ​មូលនិធិ Gates Fuoundation របស់​មហាសេដ្ឋី​លោក Bill Gates។

២) មហាសេដ្ឋី​ស្ថាបនិក​ក្រុមហ៊ុន EBay លោក Pierre Omidyar

លោក Pierre Omidyar គឺ​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​​ជាប់​ចំណាត់ថ្នាក់​ទី​ ១៦៥ ក្នុង​ចំណោម​មហាសេដ្ឋី​សរុប​នៅ​ជុំវិញ​ពិភពលោក។ មាន​វ័យ ៤៧ ឆ្នាំ មហាសេដ្ឋី​អាមេរិក​រូប​នេះ​បាន​​មាន​ប្រសាសន៍​ផង​ដែរ​ថា ​លោក​នឹង​បរិច្ចាគ​​ទ្រព្យសម្បត្តិ​របស់​លោក​ដែល​មាន​ប្រមាណ​ ៨,១ ពាន់​លាន​ដុល្លា​​នៅ​ពេល​បច្ចុប្បន្ន​​សម្រាប់​សកម្មភាព​មនុស្សធម៌​នានា​។ តាម​បទសម្ភាសន៍​ធ្វើ​ឡើង​ដោយ​ទស្សនាវដ្ដី Forbes ក្រុម​គ្រួសារ​របស់​លោក​មិន​បាន​ទទួល​ចំណែក​អ្វី​ឡើយ​ពី​ទ្រព្យសម្បត្តិ​ទាំង​នេះ​នៅ​ពេល​ដែល​លោក​ស្លាប់​ទៅ។

៣) មហាសេដ្ឋី​ស្ថាបនិក​ក្រុមហ៊ុន Bloomberg LP លោក Michael Bloomberg

ជា​អតីត​អភិបាល​ក្រុង​ ញីវយ៉ក ​លោក Michael Bloomberg គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន Bloomberg LP និង​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​លំដាប់​ទី​១៦​នៅ​លើ​ពិភពលោក​។ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៣៣,៦ ពាន់​លាន​ដុល្លារ (Forbes) មហាសេដ្ឋី​មាន​អាយុ ៧២ ឆ្នាំ រូប​នេះ​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​បរិច្ចាគ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ទៅ​ឲ្យ​មូលនិធិ​មនុស្សធម៌​នានា​នៅ​ជុំវិញ​ពិភពលោក។ បើ​តាម​ការ​អះអាង​របស់​លោក កូន​ស្រី​របស់​លោក​ទាំង​ពីរ​នាក់​​ នឹង​គ្មាន​វាសនា​កាន់កាប់​ទឹកប្រាក់​របស់​លោក​នោះ​ឡើយ​នៅ​ពេល​ដែល​លោក​ស្លាប់​ទៅ។

៤) តារា​ចម្រៀង​រ៉ុក Gene Simmons


លោក Gene Simmons គឺ​អ្នក​លេង​ហ្គីតា និង​ជា​តារា​ចម្រៀង​ដ៏​ល្បី​មួយ​រូប​​របស់​អាមេរិក​ដែល​មាន​ទ្រព្យសម្បត្តិ​ប្រហែល​ ៣០០​លាន​ដុល្លារ​​នៅ​ពេល​បច្ចុប្បន្ន។ ជុំវិញ​សំណួរ​ទាក់ទង​ទៅ​នឹង​ការ​ស្នង​ទ្រព្យសម្បត្តិ​របស់​លោក តារា​ចម្រៀង​វ័យ​ ៦៥ ឆ្នាំ​រូប​​នេះ​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​បរិច្ចាគ​ប្រាក់​ទាំង​នេះ​​ទៅ​​ដល់​មូលនិធិ​មនុស្សធម៌​​ទាំង​ស្រុង ពោល​គឺ​ក្រុម​គ្រួសារ​របស់​លោក​គ្មាន​​ចំណែក​ទទួល​យក​ទ្រព្យសម្បត្តិ​ទាំងអស់​នេះ​ឡើយ។

៥) មហាសេដ្ឋី Gina Rinehar​


លោក​ស្រី Gina Rinehar​ គឺ​ជា​មហាសេដ្ឋី​​​មាន​ជាងគេ​បំផុត​​​​ជាប់​​​​ចំណាត់​ថ្នាក់​ទី​៤៧​នៅ​លើ​ពិភពលោក​។ តាម​​ទស្សនាវដី្ត Forbes មហាសេដ្ឋី​​វ័យ ៦០ ឆ្នាំ​របស់​អូស្ត្រាលី​រូប​នេះ បាន​ប្រកាស​ថា លោក​ស្រី​នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​របស់​លោក​ស្រី​ដែល​មាន​ប្រមាណ ១៧,៤ ពាន់​លាន​ដុល្លារ​​​ធ្វើ​ជា​មូលនិធិ​មនុស្សធម៌​នានា។ ទោះបី​ជា​លោក​ស្រី​​ជា​ទាយាទ​ស្នង​ទ្រព្យសម្បត្តិ​ពី​ឪពុក​របស់​លោកស្រី​​ក៏​ពិតមែន តែ​​កូនៗ​របស់​លោក​ស្រី មិន​មាន​ភ័ព្វសំណាង​ធំដុំ​ទទួល​​ទ្រព្យសម្បត្តិ​ទាំង​នេះ​ឡើយ​នៅ​ពេល​ដែល​ស្រី​ស្លាប់​ទៅ។​

៦) មហាសេដ្ឋី​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill Gates

ងាក​មក​មើល​លោក​ Bill Gate វិញ​ដែល​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​​នៅ​លើ​ពិភពលោក​ឈរ​នៅ​លេខរៀង​ទី២ ​របស់​ទស្សនាវដី្ត Forbes ក៏​​មាន​គម្រោង​មិន​ខុស​ពី​មហាសេដ្ឋី​មុនៗ​ដែរ។ ជា​មួយ​នឹង​មូលនិធិ​របស់​លោក​ផ្ទាល់​ (Gates Foundation) ដែល​មាន​ប្រាក់​ប្រមាណ​៣០ ពាន់​លាន​ដុល្លារ​​​ស្រាប់​នៅ​ពេល​បច្ចុប្បន្ន មហាសេដ្ឋី​វ័យ ៥៨ ឆ្នាំ​រូប​នេះ​ដែល​ប្រមាណ ៨១,២ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ដៃ​នា​ពេល​នេះ​បាន​មាន​​ប្រសាសន៍​ជាមួយ​ភរិយា​របស់​លោក​ថា​ លោក​គ្រោង​​បរិច្ចាគ​​ទ្រព្យសម្បត្តិ​ដ៏​​ច្រើន​សន្ធឹកសន្ធាប់​​របស់​លោក​​នេះ​សម្រាប់​សកម្មភាព​មនុស្សធម៌​ទាំង​ស្រុង​នៅ​ពេល​ដែល​លោក​ទទួល​មរណភាព។​​​​

៧) តារា​ភាពយន្ត​របស់​ចិន​លោក Jackie Chan ឬ ឈិន ឡុង

លោក Jackie Chanឬ ដែល​ប្រិយមិត្ត​ទូទៅ​ស្គាល់​ថា​ជា ឈិន ឡុង​នោះ ក៏​ជាប់​ចំណាត់​ថ្នាក់​ជា​បុគ្គល​មួយ​ដែល​គ្រោង​​បរិច្ចាគ​ទ្រព្យសម្បត្តិ​របស់​លោក​ទៅ​​ឲ្យ​មូលនិធិ​មនុស្សធម៌​នានា​នៅ​ពេល​ដែល​លោក​ទទួល​មរណភាព​ផង​ដែរ។ មាន​វ័យ ៦០​ឆ្នាំ តារាភាពយន្ត​​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​១៤០ លាន​ដុល្លារ​ល្បីល្បាញ​របស់​ចិន​រូប​នេះ​ ​បាន​មាន​ប្រសាសន៍​កាល​ពី​ឆ្នាំ​ ២០១១ ថា​ កូន​ៗ​របស់​លោក​មិន​អាច​ក្លាយ​ជា​ទាយាទ​ទទួល​យក​ទ្រព្យសម្បត្តិ​របស់​លោក​ទាំង​នេះ​ឡើយ។


៨) ស្ថាបនិក​​ក្រុមហ៊ុន​ផ្សព្វផ្សាយ​របស់​ស្ថានីយទូរទស្សន៍​ WTBSលោក Ted Turner

លោក Ted Turner គឺ​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​លំដាប់​ទី៨៣៩ នៅ​​លើ​ពិភពលោក​​ប្រចាំ​ទស្សនាវដី្ត Forbes ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២,២ ពាន់​លាន​ដុល្លារ​នៅ​ពេល​បច្ចុប្បន្ន។ មហាសេដ្ឋី​វ័យ ៧៥ ឆ្នាំ​របស់​អាមេរិក​រូប​នេះ​​មាន​ភាព​ល្បីល្បាញ​លើ​សកម្មភាព​មនុស្សធម៌​របស់​លោក​ ជា​ពិសេស​ការ​បរិច្ចាគ​​ទឹកប្រាក់​របស់​លោក​ផ្ទាល់​ទៅ​ឲ្យ​មូលនិធិ​របស់​អង្គការសហប្រជាជាតិ (United Nation Foundation)។ តាម​ប្រសាសន៍​របស់​លោក​កាល​ពី​ឆ្នាំ ២០១០ កូនៗ​ទាំង​៥ របស់​លោក​ ​មិន​រំពឹង​ថា ទទួល​បាន​ទ្រព្យសម្បត្តិ​ក្នុង​ចំណែក​ណា​មួយ​នៃ​ទ្រព្យសម្បត្តិ​របស់​លោក​នោះ​ឡើយ៕

ប្រែសម្រួល៖​ ខេវិន
ប្រភព៖​ Businessinsider

No comments: