Slide show

ហេតុផល ៦យ៉ាង​នេះ​ អាច​ធ្វើឲ្យ​លោក​អ្នក​ប្ដូរ​ចិត្ត​ឈប់​ចង់​ប្រើ Facebook ​តទៅ​ទៀត​

រយៈពេល​ប្រហែល ១០ឆ្នាំ​មក​ហើយ​ដែល Facebook បាន​ចូល​ខ្លួន​បម្រើ​ដល់​សាធារណជន​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​បាន​ងាយស្រួល មិន​ថា​ជិត​ឬ​ឆ្ងាយ​នោះ​ទេ។ នេះ​គឺ​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​ម្ចាស់​ក្រុមហ៊ុន Facebook លោក Mark Zuckerberg ជាមួយ​មិត្ត​រួម​ថ្នាក់​របស់​លោក​ប៉ុន្មាន​នាក់។

បណ្ដាញ​សង្គម​ដែល​កំពុង​មាន​អ្នក​ប្រើ​ប្រមាណ ១,៣៩ពាន់​លាន​គណនី (គិត​ត្រឹម​ដើម​ឆ្នាំ២០១៥) នេះ ពិត​ជា​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​​ដល់​អ្នក​ប្រើ​យ៉ាង​​ងាយស្រួល​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​គ្នា​បាន​ឆាប់​រហ័ស។

យ៉ាងណាក៏ដោយ​ ទន្ទឹម​នឹង​គុណសម្បត្តិ Facebook ក៏​អាច​ផ្ដល់​គុណវិបត្តិ​ខ្លះ​ដល់​លោក​អ្នក​ផង​ដែរ ក្នុង​ករណី​ដែល​អ្នក​មិន​បាន​ប្រើ​ឱ្យ​ស័ក្ដិសម​កាលៈទេសៈ ដែល​ត្រូវ​ប្រើ។ ខាង​ក្រោម​នេះ​គឺ​ជា​ហេតុផល ៧យ៉ាង ដែល​លោក​អ្នក​អាច​យក​មក​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​អ្នក​ថា តើ​អ្នក​កំពុង​ផ្ដេកផ្ដួល​លើ​ចំណុច​ណា​ខ្លះ ហើយ​តើ​ត្រូវ​កែ​ទម្លាប់​ដោយ​របៀប​ណា ឬ​មួយ​ក៏​ឈប់​ប្រើ Facebook ត​ទៅ​ទៀត៖



១) ចំណាយ​ពេល​ច្រើន​ទៅ​លើ Facebook នាំ​ឲ្យ​ខាត​ពេល​ឥតប្រយោជន៍​
យោង​តាម​ការ​ស្រាវជ្រាវ​ទៅ​លើ​អត្រា​ប្រើប្រាស់ Facebook ជា​មធ្យម​ឃើញ​ថា ក្នុង​មួយ​ថ្ងៃៗ​មនុស្ស​បាន​ចំណាយ​ពេល ១៧នាទី​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ។ នេះ​អាច​ចាត់​ទុក​ជា​រយៈពេល​មួយ​សមរម្យ​ចំពោះ​ការ​ប្រើប្រាស់ Facebook។ ប៉ុន្តែ​ យោង​តាម​ទិដ្ឋភាព​ជាក់ស្តែង  អ្នក​ប្រើ Facebook មួយ​ចំនួន​ធំ​នាពេល​បច្ចុប្បន្ន​បាន​ចំណាយ​ពេល​លើ Facebook កាន់តែ​ច្រើន​ឡើងៗ មិន​ថា​ពេលវេលា​ផ្ទាល់​ខ្លួន ឬ​ពេល​វេលា​សិក្សា ការងារ ញុំាអាហារ និង​សូម្បី​តែ​ពេល​គេង​ថែមទៀត។

នេះ​អាច​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ក្នុង​សង្គម​ពិត​ទៅវិញ ម្យ៉ាង​ពេល​ខ្លះ​ក៏​អាច​ធ្វើឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ធុនទ្រាន់​ទៅវិញ​ក៏​ថា​បាន ហើយ​ផល​អវិជ្ជមាន​ដ៏​ធំ​​មួយ គឺ​បណ្ដាល​ឱ្យ​អ្នក​ខាត​ពេលវេលា ដល់​កិច្ចការ​ផ្ទាល់ខ្លួន​ជាច្រើន។

២) ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក
បណ្ដាញ​សង្គម Facebook មិន​ត្រឹមតែ​ជា​គេហទំព័រ​អាច​ជះ​ផល​អវិជ្ជមាន​ចំពោះ​ពេលវេលា​ផ្ទាល់​ខ្លួន​របស់​អ្នក និង​បំផ្លាញ​ភាព​មាន​ទំនាក់ទំនង​សង្គម​ពិត​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​លោក​អ្នក​ទៀត​ផង។ ការ​សិក្សា​មួយ​ចំនួន​ឱ្យ​ដឹង​ថា វា​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក ហើយ​រារាំង​ការ​ការ​លូតលាស់​អ័រម៉ូន ធ្វើ​ឱ្យ​អន់ថយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ចក្ខុ​វិស័យ ការ​គិត​ចុះ​ខ្សោយ​មាន​ដែន​កំណត់ និង​អាច​បំផ្លាញ​ការ​ស្វែងរក​គំនិត​ច្នៃប្រឌិត ហើយ​ក៏​ប៉ះពាល់​ដល់​ទម្លាប់ គេង​យឺត ភ្ញាក់​ពី​គេង​ជ្រុល​ពេល ​ហើយ​លែង​មាន​សុភមង្គល។

៣) ចំណាយ​ពេល​ខ្ជះខ្ជាយ​ទៅ​លើ​មនុស្ស​មិន​ធ្លាប់​ស្គាល់ ឬ​ទោះបី​រាប់អាន ក៏​មិន​ប្រាកដ​នៅ​ពេល​ជួប​គ្នា អាច​រក្សា​ទំនាក់ទំនង​ដដែល​ដូច​នៅ​លើ Facebook
មនុស្ស​ធំ​ពេញវ័យ​ជា​មធ្យម មាន friend ប្រមាណ ៣៣៨ នាក់​នៅ​លើ Facebook ហើយ​ប្រហែល​ជា​មិន​បាន​ស្គាល់​គ្នា​ច្រើន​ជាង ១០% ឬ​សុទ្ធតែ​មិន​ស្គាល់​គ្នា​ផង​ក៏​ថា​បាន។ ពួក​គេ​ភាគច្រើន​ទំនង​មាន​ការ​រស់នៅ​បែប​ថ្មី​ផ្សេងៗ​ពី​គ្នា ហើយ​ខ្លះ​មាន​ចំណង់​ចំណូល​ចិត្ត​ថ្មី​ផ្សេងៗ​គ្នា បុគ្គលិក​លក្ខណៈ​ខុស​គ្នា ការ​ទំនួល​ខុស​ត្រូវ​មាន​ផ្សេងៗ​គ្នា ពោល​គឺ​ជីវិត​ម្នាក់ៗ​ផ្សេង​ពី​គ្នា។ ពួក​គេ​ទាំង​នោះ អាច​ពុំ​មែន​ជា​មនុស្ស​ដែល​អ្នក​ស្គាល់​ឡើយ អីចឹង​តើ​ខិតខំ​ចំណាយ​ពេល​ខ្ជះខ្ជាយ​ដើម្បី​អ្វី? តើ​យល់​ថា​មាន​ប្រយោជន៍​អ្វី​ដែល​ត្រូវ​ស្គាល់? ហើយ​ប្រសិន​បាន​រាប់​អាន​តាម Facebook តើ​នៅ​ពេល​អ្នក​ជួប​គ្នា​នៅ​ខាង​ក្រៅ ពិត​ជា​នៅ​រក្សា​ទំនាក់ទំនង​ដូច​ការ​ជជែក​នៅ​លើ Facebook ទៀត​ឬ​ទេ?

៤) អាច​ជា​ការ​ធុញទ្រាន់​ដល់​លោក​អ្នកព្រោះ Facebook តែង​នាំ​ការ​ផ្សាយ​ពាណិជ្ជកម្ម (Advertisements) 
នៅ​ពេល​អ្នក​ចង់​ទិញ​ទំនិញ​អ្វី​មួយ អ្នក​ប្រាកដ​ជា​ត្រូវ​ស្វែងរក (search) ទំនិញ​នោះ​ដើម្បី​ផ្ទៀងផ្ទាត់​តម្លៃ និង​សម្រេច​ចិត្ត​ទិញ។ ប៉ុន្តែ​នៅ​រយៈពេល ៦ខែ​ក្រោយ Facebook នៅ​តែ​រំលឹក​អ្នក​ឱ្យ​ទិញ​ពិចារណា​លើ​ទំនិញ​ទោះបី​អ្នក​បាន​ទិញ​រួច​ហើយ​ក៏​ដោយ។ ជា​ការ​ពិត​ណាស់ គេហទំព័រ​ភាគ​ច្រើន​ប្រើ​វិធីសាស្ត្រ ដែល​ជា​ការ embedded cookies ប៉ុន្តែ​មាន​តែ Facebook ទេ​ជា​អ្នក​បង្ហោះ ads ទាំង​នេះ ទៅ​លើ timeline របស់​អ្នក។

៥) មិន​ប្រាកដ​ថា​អ្វី​ទាំងឡាយ​ដែល​អ្នក Post ទៅ Facebook សុទ្ធតែ​ទទួល​បាន​ចាប់អារម្មណ៍ និង​យក​ចិត្ត​ទុក​នោះ​ឡើយ
មនុស្ស​តិចតួច​ណាស់​ដែល​គេ​គិត​បារម្ភ ខ្វាយខ្វល់​ចង់​ដឹង​ថា​អ្នក​កំពុង​ធ្វើ​អ្វី តើ​កំពុង​នៅ​ជាមួយ​នរណា កំពុង​ញុំា​អ្វី ឬ​បាន​ទិញ​ឥវ៉ាន់​អ្វី​ខ្លះ ហើយ​ក៏​មិន​មាន​ច្រើន​ដែរ​នូវ​អ្នក​ដែល​ចាំ​នៅ​ក្បែរ​អ្នក លើក​ទឹកចិត្ត​អ្នក​នោះ។ ដូច្នេះ​វា​ដូច​ជា​មិន​ចាំបាច់​អ្វី​ដែល​អ្នក​ត្រូវ​មាន Friend ច្រើន​នោះ​ឡើយ ព្រោះ​ថា​បើ​ friend ច្រើន​ក៏​ពិត​មែន តើ​ប៉ុន្មាន​នាក់​ដែល​គេ​ពិត​ជា​យក​ចិត្ត​ទុកដាក់ មាន​ការ​រាប់​អាន​ពិត​ជាមួយ​អ្នក?

ម្យ៉ាង​មនុស្ស​ក៏​មាន​រឿងរ៉ាវ​ស្មុគស្មាញ​ជាច្រើន ប៉ុន្តែ​ចម្លែក​ត្រង់​ថា គេ​មិន​ទៅ​សុំ​យោបល់​ពី​អ្នក​ខាង​ក្រៅ ដែល​ជា​អ្នក​ជិតស្និទ្ធ​បំផុត​នៅ​ជុំវិញ​ខ្លួន ដើម្បី​រក​ដំណោះស្រាយ​ទេ តែ​បែរ​ជា​គិត​តែ​បង្ហោះ Status សុំ​ឱ្យ friend ជួយ​ទៅ​វិញ។ ឬ​មួយ​ក៏​ដើម្បី​ទាមទារ​ការ​ចាប់​អារម្មណ៍?

៦) គណនី Facebook អាច​ត្រូវ​បាន hacker លួច​យក​ទៅ​ប្រើ និង​លួច​យក​ព័ត៌មាន​សម្ងាត់
អាច​និយាយ​បាន​ថា ពាក្យ​សម្ដី​គ្រប់​ម៉ាត់​នៅ​លើ Facebook អាច​ត្រូវ​បាន​ទម្លាយ​ចេញ​នៅ​ពេល​ណាមួយ​ក៏​ថា​បាន ដោយ​សារ​បច្ចុប្បន្ន​សំបូរ​ទៅ​ដោយ hacker ទុច្ចរិត​ជាច្រើន។ Hacker អាច​មាន​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​លួច​យក​គណនី​ ក៏​ដូច​ជា​លួច​មក​ការ​សន្ទនា​ទាំងឡាយ ដឹង​ពី​ការ​សម្ងាត់​របស់​អ្នក​ខ្ទេច​គ្មាន​សល់។ ដូច្នេះ​ការ​ជជែក​គ្នា​ឱ្យ​មាន​សុវត្ថិភាព​ខ្ពស់ មិន​គួរ​ធ្វើឡើង​នៅ​លើ​ប្រព័ន្ធ​ឌីជីថល​តាម​រយៈ​បណ្ដាញ​សង្គម​នោះ​ទេ។

គំនិត​គួរ​ពិចារណា៖
យ៉ាងណា​ប្រសិនបើ​លោក​អ្នក​ចេះ​បែងចែក​ពេលវេលា​ក្នុង​ការ​ប្រើ​មិន​ថា​តែ Facebook ឬ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សេងៗ​ទៀត​នោះ​ទេ គឺ​សុទ្ធតែ​មាន​អត្ថប្រយោជន៍​របស់​វា តែ​កុំ​ឱ្យ​ប្រើ​រហូត​ដល់​ថ្នាក់​ញៀន​ ព្រោះ​វា​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិច្ចការ​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​មាន​ការ​ប្រែប្រួល មិន​សូវ​មាន​ទំនាក់ទំនង​នៅ​សង្គម​ពិត​ទៅ​វិញ៕

No comments: