CEO របស់ Apple គ្រោងនឹងបរិចាកទ្រព្យសម្បត្តិទាំងអស់
លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ពិភពលោក បានមានប្រសាសន៍ថា លោកគ្រោងនឹងបរិច្ចាកទ្រព្យសម្បត្តិរបស់លោកទាំងអស់ប្រមាណជា ៧៨៥លានដុល្លារ ទៅកាន់មូលនិធិសប្បុរសធម៌ បើយោងតាមការដកស្រង់សម្តីរបស់ទស្សនាវដ្តី Fortune ។
ការបញ្ជាក់របស់នាយកប្រតិបត្តិអាយុ៥៤ឆ្នាំរូបនេះ គឺជាឧទាហរណ៍គំរូមួយដល់មហាសេដ្ឋីផ្សេងៗឲ្យមានចិត្តសប្បុរសធម៌ ខណះពេលដែលមានមហាសេដ្ឋីពិភពលោកជាច្រើនដូចជា មហាសេដ្ឋីលក់សិទ្ធអាជីវកម្ម Warren Buffett មហាសេដ្ឋី Facebook លោក Mark Zuckerberg និង លោក Bill Gates ក៏គ្រោងនឹងបរិច្ចាកទ្រព្យសម្បត្តិរបស់ពួកគាត់ផងដែរ។
ទោះបីជាការបរិច្ចាករបស់ Cook មានចំនួនតិច បើធៀបនឹងប្រាក់បរិច្ចាករបស់មហាសេដ្ឋីដែលបានរៀបរាប់ខាងលើ ក៏ Cook សង្ឃឹមថាការបរិច្ចាករបស់លោកមានល្ខណះខុសពីគេ នៅពេលដែលលោកត្រូវបានគេមើលឃើញថា មិនសូវចេញមុខជាសាធារណះចំពោះរឿងបរិច្ចាកប្រាក់។
គាត់មានប្រសាសន៍បន្តថា លោកចាប់ផ្តើមបរិច្ចាកប្រាក់ទៅកាន់មូនិធិសប្បុរសធម៌យ៉ាងស្ងប់ស្ងាត់ មិនចូលចិត្តបើកចំហរ ជាសាធារណៈទេ។
ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Cook ចាប់ផ្តើមនិយាយបើកចំហរជាសាធារណះអំពីបញ្ហាជាច្រើន ចាប់ពីបញ្ហាបរិស្ថានរហូតដល់បញ្ហាសិទ្ធមនុស្ស។ Cook បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា លោកជាបុរសភេទទីបី ហើយលោកសូមប្រឆាំងទៅនឹងការរើសអើងមនុស្សដែលស្រលាញ់ភេទដូចគ្នា៕
No comments: