Slide show

គន្លឹះជួយឲ្យអ្នកក្លាយជាមនុស្សវិជ្ជមាន

 មនុស្សដែលមានគំនិតសុទិដ្ឋិនិយមគឺជាមនុស្សដែលទទួលបានជោគជ័យច្រើនបំផុតនៅក្នុងជីវិត។ ដើម្បីឲ្យអ្នកក្លាយជាមនុស្សសុទិដ្ឋិនិយមបាន អ្នកត្រូវធ្វើជាមនុស្សដែលមានគំនិតវិជ្ជមាន មើលពិភពលោកក្នុងផ្លូវល្អ។ ខណៈដែលអ្នកអាចផ្លាស់ប្ដូរការគិតរបស់ខ្លួនពីគំនិតអវិជ្ជមានមកជាគំនិតវិជ្ជមានបាន នោះភាពជោគជ័យកំពុងរង់ចាំអ្នក។ តើធ្វើយ៉ាងណាដើម្បីផ្លាស់ប្ដូរទៅរកការគិតវិជ្ជមាន? 

១. បង្ហាញពីការដឹងគុណ 
 
វិធីដ៏ងាយស្រួលបំផុតមួយក្នុងការបង្កើនគំនិតវិជ្ជមានរបស់អ្នកគឺការបង្ហាញពីការដឹងគុណ។
សេចក្ដីរីករាយ ត្រេកអរ ចំពោះអ្វីដែលអ្នកកំពុងមានគឺជាវិធីបំបាត់គំនិតអវិជ្ជមានចេញពីខួរក្បាលអ្នកយ៉ាងមានប្រសិទ្ធភាព។ ការចេះដឹងគុណគឺបង្កប់ដោយសេចក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅ។ នៅពេលមានសេចក្ដីស្រលាញ់ អារម្មណ៍ភ័យខ្លាច និងគំនិតអវិជ្ជមាននានានឹងឃ្លាតឆ្ងាយពីខ្លួនរបស់អ្នក។

 ២. ធ្វើជាអ្នកផ្ដល់ឲ្យគេ

 អារម្មណ៍វិជ្ជមានកើតឡើងបានដោយការផ្ដល់ឲ្យអ្នកដទៃដោយគ្មានលក្ខខណ្ឌ។ ចែករំលែកជំនាញរបស់អ្នកជាមួយមនុស្សជុំវិញខ្លួន។ ប្រសិនបើនរណាម្នាក់ត្រូវការជំនួយ អ្នកគួរតែជួយគេ។ កុំស្ទាក់ស្ទើរ រារែកចំពោះតម្លៃរបស់អ្នក។ សូម្បីតែការចែករំលែកគំនិតតូចមួយក៏អាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរយ៉ាងធំធេងចំពោះបុគ្គលណាមួយដែរ។

 ៣. គ្រប់គ្រងខ្យល់ដង្ហើមអ្នកឲ្យថេរល្អ 

គេនិយាយថា អ្នកដែលមានសមត្ថភាពគ្រប់គ្រងខ្យល់ដង្ហើមរបស់ខ្លួនបានជាមនុស្សដែលមានសមត្ថភាពគ្រប់គ្រងជីវិតរបស់ខ្លួនបានដែរ។ ចូរក្រឡេកមើលពេលដែលអ្នកមិនអាចគ្រប់គ្រងខ្យល់ដង្ហើមបាន តើមានអ្វីកើតឡើង? នៅពេលអ្នកខឹង ខ្យល់ដង្ហើមរបស់អ្នកខ្លីៗលឿនៗ។ ខណៈដែលអ្នកស្រូបខ្យល់ចូលទៅក្នុងសួត តាមរយៈច្រមុះ ហើយពេលវាចូលកាន់តែជ្រៅទៅក្នុងសួត អារម្មណ៍តានតឹងផ្សេងៗនឹងបញ្ចេញមកក្រៅវិញតាមរយៈមាត់។ 

 ៤. នឹកគិតពីភាពជោគជ័យ 

ការនឹកគិត ស្រមើស្រមៃពីភាពជោគជ័យគឺឧបករណ៍ដ៏មានឥទ្ធិពលមួយដែលនាំអ្នកទៅរកការគិតវិជ្ជមាន។ ចាប់ផ្ដើមបិទភ្នែក នឹកគិតពីព្រឹត្ដិការណ៍វិជ្ជមាននានាក្នុងអតីតកាល នោះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា។ នៅពេលអ្នកចាប់ផ្ដើមបើកភ្នែកវិញ អ្នកត្រូវបណ្ដោយឲ្យអារម្មណ៍វិជ្ជមាននោះដិតក្នុងការគិតរបស់អ្នកជានិច្ច។ 

 ៥. សមាធិ 

ការធ្វើសមាធិជាវិធីមានប្រសិទ្ធភាពមួយក្នុងការបង្កើតគំនិតវិជ្ជមាន។ ការអនុវត្ដធ្វើសមាធិនឹងជួយពង្រីកចំណេះដឹងក្នុងខ្លួនរបស់អ្នក ហើយអនុញ្ញាតឲ្យទំនាក់ទំនងរវាងចិត្តគំនិត រាងកាយ និងដួងព្រលឹងកាន់តែមានភាពច្បាស់លាស់ឡើង។ តាមរយៈការធ្វើសមាធិនឹងជួយឲ្យអ្នកបំបាត់អារម្មណ៍អវិជ្ជមាន។ ជ្រើសរើសកន្លែងស្ងប់ស្ងាត់ និងងាយស្រួលសម្រាប់អ្នកអង្គុយ ដេក ឬក៏ធ្វើអ្វីតាមអ្នកប្រាថ្នា រួចបិទភ្នែក ដកដង្ហើមមួយៗ បណ្ដោយឲ្យខួរក្បាលរបស់អ្នកសម្រាក។ ធ្វើដូចនេះនឹងជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា៕

No comments: