ភាពបរាជ័យបង្កើតសហគ្រិនជោគជ័យ
មនុស្សភាគច្រើនយល់ថា បរាជ័យតែម្ដង
គឺគ្រប់គ្រាន់ហើយសម្រាប់គេ ដែលត្រូវងាកទៅរកការងារធ្វើនៅក្រុមហ៊ុនដទៃ ហើយបោះបង់ចោលក្ដីស្រមៃធ្វើជាសហគ្រិនដ៏អស្ចារ្យរបស់ខ្លួន។ អ្នកដែលគិតថា បោះបង់ចោលក្ដីស្រមៃរបស់ខ្លួន មិនមែនជាសហគ្រិនពិតប្រាកដនោះទេ។ ជាការពិត មនុស្សដែលមានសមត្ថភាពបើកដំណើរការក្រុមហ៊ុនមួយ ពួកគេជារឿយៗត្រូវឆ្លងកាត់ភាពបរាជ័យ។ ប៉ុន្ដែពួកគេចាត់ទុកបរាជ័យទាំងនោះជាកាំជណ្តើរមួយដែលអាចនាំពួកគេទៅរកភាពជោគជ័យ។
តើភាពបរាជ័យអាចជួយឲ្យសហគ្រិនទទួលបានជោគជ័យដោយរបៀបណា?
កាន់តែច្បាស់ កាន់តែសុទិដ្ឋិនិយម
សហគ្រិនពិតតែងតែចាប់ផ្ដើមប្រថុយក្នុងដំណើរការអាជីវកម្មថ្មីមួយទៀត បន្ទាប់អាជីវកម្មមួយដួលរំលំ។ ជាការពិត ពួកគេនឹងភ្លេចនូវការបរាជ័យក្នុងអាជីវកម្មចាស់បានឆាប់រហ័សជាងអ្នកដែលដួលហើយមិនក្រោក។ ការសិក្សាមួយនៅចក្រភពអង់គ្លេស ដែលបានសិក្សាលើសហគ្រិនចំនួន ៥៧៦នាក់ បានរកឃើញថា សហគ្រិនពិតប្រាកដមិនដែលដួលហើយដេកនោះទេ។ ពួកគេតែងក្រោកឡើងជាមួយនឹងកម្លាំងកាន់តែខ្លាំងក្លា កាន់តែច្បាស់លាស់ និងកាន់តែសុទិដ្ឋិនិយម។
មានទំនុកចិត្តលើខ្លួនឯង
តម្លៃនៃទំនុកចិត្តក្នុងពិភពជំនួញ គឺមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។ តើអ្នកគិតថាអាចទៅរួចឬទេ ដែលសហគ្រិនម្នាក់អាចជោគជ័យទៅបាន ដោយគ្មានភាពប្រាកដប្រជាចំពោះខ្លួនឯង? វាមិនអាចទៅរួចនោះទេ!
ជំនឿជាក់លើខ្លួនឯងគឺជាឥទ្ធិពលដែលបានមកពីគំនិតសុទិដ្ឋិនិយម។ សហគ្រិនដែលគ្មានគំនិតសុទិដ្ឋិនិយមចំពោះអនាគតរបស់ខ្លួន ពួកគេក៏ទំនងជាគ្មានជំនឿជាក់នៅក្នុងខ្លួននោះដែរ។ មានន័យថា ពួកគេមើលមិនឃើញពីចំណុចជោគជ័យក្នុងអាជីវកម្មរបស់ខ្លួននាពេលអនាគត។
នៅពេលលោក Steve Jobs ដើរនៅលើវេទិកាដើម្បីធ្វើបទបង្ហាញពី iPhone គាត់មានភាពនឹងន ស្ងប់ស្ងាត់ និងបង្ហាញយ៉ាងច្បាស់លាស់ពីផលិតផលរបស់គាត់។ គាត់មានទំនុកចិត្តយ៉ាងខ្លាំង។ ទំនុកចិត្តរបស់គាត់នាំឲ្យអតិថិជនមានជំនឿជាក់លើអ្វីដែលគាត់បាននិយាយ។
ទំនុកចិត្តជារឿយៗជាគ្រឿងផ្សំដែលគេភ្លេចនៅក្នុងសហគ្រាស។ សហគ្រាសជាច្រើនមានចក្ខុវិស័យដ៏រឹងមាំមួយ និងព្យាយាមដើម្បីទៅដល់ចំណុចនោះ ប៉ុន្ដែប្រសិនបើពួកគេគ្មានជំនឿជាក់លើគម្រោងរបស់ខ្លួន នោះភាពជោគជ័យក្លាយជាចំណុចដ៏លំបាកមួយក្នុងឈានទៅដល់។
ទទួលយកបរាជ័យ
សម្រាប់សហគ្រិន លទ្ធភាពដើម្បីទទួលយកការបរាជ័យ ឬក៏យ៉ាងហោចណាស់គិតអំពីវា គឺជាចំណុចសំខាន់ក្នុងការជោគជ័យ។ នេះមិនមែនមានន័យថាអ្នកត្រូវតែបរាជ័យនោះទេ ប៉ុន្ដែមានន័យថាអ្នកគួរតែទទួលយកវា នៅពេលដែលវាកើតឡើងដោយចៀសមិនបាន។
« ប្រសិនបើអ្នកខ្លាចបរាជ័យ នោះអ្នកក៏គ្មានថ្ងៃជោគជ័យដែរ ព្រោះជោគជ័យនិងបរាជ័យ វាតែងតែនៅជាមួយគ្នាជានិច្ច។ »
No comments: