មេរៀនភាពជាអ្នកដឹកនាំពី Warren Buffett
លោក Warren Buffet ជាមហាសេដ្ឋីលើពិភពលោក និងជាអ្នកបណ្ដុះទឹកចិត្តដល់សហគ្រិនជំនាន់ក្រោយ។ ជីវិតរបស់គាត់ចាប់ផ្ដើមឡើងជាក្មេងលក់កាសែត នៅពេលគាត់មានអាយុ ១១ឆ្នាំ ហើយបច្ចុប្បន្ននេះគាត់មានអាយុ ៨៤ ឆ្នាំ ប៉ុន្ដែគាត់គ្មានទំនោរចូលនិវត្តន៍ឡើយ។
«ខ្ញុំអាចនិយាយបានថា ជីវិត ៨៤ឆ្នាំរបស់ខ្ញុំនេះពោរពេញដោយភាពរីករាយជាច្រើន។ ខ្ញុំមានន័យថា ខ្ញុំបានធ្វើអ្វីដែលខ្ញុំស្រលាញ់ ជាមួយមនុស្សជាទីស្រលាញ់របស់ខ្ញុំជារៀងរាល់ថ្ងៃ។ តើមានអ្វីប្រសើរជាងនេះទៀត។» - Warren Buffet។
ខាងក្រោមនេះជាមេរៀន ១០យ៉ាង ដែលគាត់បានបង្រៀនដល់អ្នកដឹកនាំ ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន៖
១. ស្រលាញ់អ្វីដែលអ្នកធ្វើ
«វាដល់ពេលដែលអ្នកគួរតែចាប់ផ្ដើមធ្វើអ្វីដែលអ្នកចង់ធ្វើ។ ធ្វើការដែលអ្នកស្រលាញ់ អ្នកនឹងក្រោកពីព្រលឹម។ ខ្ញុំគិតថា អ្នកប្រហែលជាបំពេញការងារមិនបានល្អ ប្រសិនបើអ្នកនៅតែធ្វើការងារដែលអ្នកមិនពេញចិត្ត ព្រោះតែអ្នកគិតថា វាមើលទៅល្អសម្រាប់ប្រវត្តិរូបរបស់អ្នក» - Warren Buffett។
ប្រសិនបើអ្នកស្ដាប់ការសម្ភាសរបស់លោក Warren Buffett អ្នកនឹងឮពីសេចក្ដីស្រលាញ់យ៉ាងងប់ងុលរបស់គាត់ចំពោះការងារ។ ប្រសិនបើអ្នកគិតចង់ធ្វើការងារថ្មីដែលអ្នកមិនចូលចិត្ត អ្នកគួរតែគិតមើលម្ដងទៀត។
២. សិក្សាពីរបៀបទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព
«អ្នកត្រូវចេះទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ពីព្រោះវាមានសារៈសំខាន់ណាស់។ ប្រសិនបើអ្នកមិនអាចទំនាក់ទំនង និងនិយាយទៅកាន់អ្នកដទៃ ដើម្បីឲ្យគេយល់ពីគំនិតរបស់អ្នកបានទេ នោះអ្នកបាត់បង់សក្ដានុពលរបស់ខ្លួន» - Warren Buffet
ប្រសិនបើអ្នកបានអានលិខិតដែលសរសេរទៅកាន់ម្ចាស់ភាគហ៊ុនផ្សេងៗរបស់ក្រុមហ៊ុនលោក Warren គឺក្រុមហ៊ុន Berkshire Hathaway Inc អ្នកនឹងចាប់អារម្មណ៍ភ្លាមចំពោះភាសាសាមញ្ញ (គ្មានពាក្យបច្ចេកទេស) ដែលបញ្ជាក់យ៉ាងច្បាស់ពីគំនិត និងប្រើក្រៀមភាសាតិចបំផុត។ គាត់ទទួលបានជោគជ័យដោយសារតែចំណេះដឹងផ្នែកធុរកិច្ចរបស់គាត់។ កាលពីមុនលោក Warren Buffutt ខ្លាចបំផុតចំពោះការនិយាយនៅទីសាធារណៈ ហើយគាត់ក៏បានចុះឈ្មោះចូលវគ្គខ្លីដើម្បីគ្រប់គ្រងការភ័យខ្លាចរបស់គាត់។ ការទំនាក់ទំនងនៅក្នុងអាជីវកម្មរបស់អ្នកត្រូវតែច្បាស់លាស់ និងងាយស្រួលយល់ មិនថាជាការសរសេរសារខ្លី ឬការនិយាយជាសាធារណៈក៏ដោយ។
៣. ជ្រើសរើសដៃគូអាជីវកម្មប្រកបដោយគតិបណ្ឌិត
«វាជាការប្រសើរសម្រាប់ការជ្រើសរើសដៃគូដែលល្អជាងអ្នក។ ជ្រើសរើសដៃគូដែលមានអាកប្បកិរិយាល្អជាងអ្នក នោះពួកគេនឹងនាំអ្នកឈានទៅដល់គោលដៅ» -Warren Buffett
ពួកគេអាចដៅពីចំណុចជោគជ័យ និងស្គាល់មនុស្សដែលមានទេពកោសល្យ ព្រមទាំងប្រើប្រាស់ជំនាញក្នុងការបង្កើតទំនាក់ទំទងជាបណ្ដាញ ដើម្បីរក្សាទំនាក់ទំនង ហើយប្រើប្រាស់ភាពជោគជ័យដើម្បីបណ្ដុះគំនិតរបស់ខ្លួន។ ប្រសិនបើអ្នកសហការជាមួយដៃគូដែលមានសមត្ថភាពបង្គួរ ពួកគេនឹងមិនអាចបណ្ដុះទឹកចិត្តអ្នកឲ្យធ្វើអ្វីល្អៗ និងសម្រេចគោលបំណងខ្ពស់បានឡើយ។
៤. ចេះជ្រើសរើសបុគ្គលិក
«ជ្រើសរើសជួលបុគ្គលិកបានល្អ នោះអ្នកនឹងមិនលំបាកក្នុងការគ្រប់គ្រង»- Warren Buffet
លោក Warren Buffet ជឿជាក់យ៉ាងមុតមាំថា អ្នកដឹកនាំល្អចាំបាច់ត្រូវតែជាមនុស្សដែលមានទេពកោសល្យ។ គាត់បណ្ដោយឲ្យពួកគេប្រើប្រាស់ទេពកោសល្យរបស់ខ្លួន ហើយគាត់កម្រនឹងលូកដៃចូលការងាររបស់ពួកគេណាស់ ដូច្នេះហើយទើបពួកគេមានអារម្មណ៍ខ្លួនអាចធ្វើការដោយពេញដៃពេញជើង តាមរយៈការផ្ដល់នូវភាពឯករាជ្យនេះ។ នៅពេលអ្នកអាចជ្រើសរើសអ្នកដឹកនាំបានល្អ នោះការប្រជុំជាមួយនាយកប្រតិបត្តិ និងអ្នកគ្រប់គ្រងកាន់តែតិចទៅៗ។
៥. រៀបគម្រោងសម្រាប់អនាគត
«ការងារបឋមរបស់នាយក គឺការពិនិត្យមើលថាខ្លួនបានជ្រើសរើសមនុស្សត្រូវសម្រាប់ដំណើការអាជីវកម្ម។ នាយកនេះក៏ត្រូវប្រាកដថា អ្នកដឹកនាំជំនាន់ក្រោយបានត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រប់គ្រងបន្ដ» - Warren Buffet
លោក Buffet បានដឹងរួចជាស្រេចថា ការងាររបស់គាត់នឹងត្រូវបែងចែកជាបីផ្នែក នៅពេលគាត់សម្រេចចិត្តចូលនិវត្តន៍។ បេក្ខជនជា នាយកប្រតិបត្តិ ប្រធាន និងអ្នកគ្រប់គ្រងការបណ្ដាក់ទុន ត្រូវបានជ្រើសរើសរួចជាស្រេច។ អនាគតអ្នកដឹកនាំចាំបាច់ត្រូវគិតទុកមុនអំពីអ្នកបន្ដវេនរបស់ខ្លួន។ វាគ្មានអ្វីភ្ញាក់ផ្អើលទេដែលថាក្រុមហ៊ុនជោគជ័យភាគច្រើនបានសម្លឹងមើលអ្នកដែលមានទេពកោសល្យបន្ដវេនដឹកនាំនៅពេលប្រាំឆ្នាំខាងមុខ។ ពួកគេសង្កត់ធ្ងន់លើការអប់រំ និងជំនាញអភិវឌ្ឍសម្រាប់មនុស្សជំនាន់ក្រោយ។
៦. ឲ្យតម្លៃខ្ពស់លើតម្លាភាព
«ប្រសិនបើមានការកាត់ពន្ធលើក្រុមហ៊ុនតូច និងមធ្យម នោះក្រុមហ៊ុនធំក៏ត្រូវកាត់ដែរ។ ប៉ុន្ដែសម្រាប់ខ្ញុំយល់ថា ក្រុមហ៊ុនធំត្រូវកាត់ពន្ធឲ្យច្រើន។» - Warren Buffet
លោក Bill Gates បានកោតសរសើរ Buffet ជាច្រើនចំណុច។ សូម្បីតែបញ្ហាពន្ធនេះ លោក Gates ក៏បានសរសើរលោក Buffet យ៉ាងខ្លាំង ព្រោះតម្លាភាពរបស់គាត់មានតម្លៃយ៉ាងលើសលុប។
៧. ភាពអត់ធ្មត់គឺជាគុណសម្បតិ្ដដ៏វិសេស
«មិនថាអ្នកមានទេពកោសល្យ ឬសមត្ថភាពយ៉ាងណាទេ បញ្ហាខ្លះត្រូវការពេលវេលា។ អ្នកមិនអាចបង្កើតកូនម្នាក់ក្នុងពេលមួយខែ ដោយឲ្យស្ដ្រី ៩នាក់ពរពោះនោះទេ។» - Warren Buffet
គ្មានអ្វីគួរឲ្យឆ្ងល់នោះទេថា លោក Buffet មានភាពអត់ធ្មត់កម្រិតណាក្នុងអាជីពរបស់គាត់។ គុណសម្បត្ដិដ៏ល្អនេះបានជួយឲ្យគាត់ពោរពេញដោយសេចក្ដីក្លាហាន និងការខិតខំប្រឹងប្រែង។ អ្នកដឹកនាំដ៏អស្ចារ្យត្រូវយកឈ្នះលើសម្ពាធ ហើយត្រូវតស៊ូដើម្បីដំណើការគម្រោងរបស់ដល់ទីបញ្ចប់។
៨. គ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព
«អ្នកត្រូវគ្រប់គ្រងពេលវេលាឲ្យបានល្អបំផុត ហើយត្រូវនិយាយថា ទេ នៅពេលអ្នកចាំបាច់។ អ្នកមិនត្រូវបណ្ដោយឲ្យអ្នកដទៃរៀបចំរបៀបវារៈក្នុងជីវិតរបស់ខ្លួនឡើយ។» -Warren Buffet
លោក Buffet បាននិយាយថា គាត់ចូលចិត្តមានពេលវេលាផ្សងព្រេង ពីព្រោះវានឹងធ្វើឲ្យគាត់មានសេរីភាពក្នុងការចំណាយពេលវេលាសម្លឹងមើលអ្វីជាអាទិភាព។ មានន័យថា គាត់បានស្វែងយល់ពីការនិយាយថា «ទេ» នៅពេលដែលចាំបាច់។ អ្នកដឹកនាំល្អត្រូវចេះកំណត់ពេលវេលាក្នុងការរៀបចំការងារ ជាពិសេសការចំណាយពេល online ប្រកបដោយប្រសិទ្ធភាព។
៩. ត្រៀមខ្លួនចំពោះបញ្ហា និងរៀនសូត្រពីកំហុស
«ហានិភ័យកើតឡើងមកពីការមិនដឹងថាខ្លួនកំពុងធ្វើអ្វី» - Warren Buffet
លោក Buffet ចូលចិត្តចៀសវាងពីឱកាសបណ្ដាក់ទុនណាដែលមានហានិភ័យខ្ពស់។ គាត់តែងតែព្យាយាមបណ្ដាក់ទុនអ្វីដែលផ្ដល់ចំណូលខ្ពស់ ហើយមានហានិយភ័យទាប។ គាត់ក៏បានរៀនសូត្រពីកំហុសឆ្គងផងដែរ។ មិនខុសពីអ្នកដឹកនាំជោគជ័យផ្សេងទៀត គាត់បានវិភាគពីកំហុសនោះ ហើយប្រែក្លាយវាឲ្យទៅជាការសម្រេចចិត្តដ៏ល្អមួយនាពេលអនាគត។ អ្នកដឹកនាំបរាជ័យតែងចៀសវាងកំហុសឆ្គង។
១០. ប្រព្រឹត្តចំពោះមនុស្សទូទៅស្មើភាពគ្នា
«ខ្ញុំសង្ឃឹមថា ខ្ញុំប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដោយស្មើភាព។ ខ្ញុំគិតថាខ្ញុំបានធ្វើល្អបំផុតហើយ។» - Warren Buffet
ការប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដោយស្មើភាព និងចៀសវាងការលម្អៀងគឺភាពប្រាកដប្រជាមួយរបស់អ្នកដឹកនាំ។
No comments: