Slide show

មេរៀនជីវិត ៩យ៉ាងពី⁣ លី កាសីុង


       លី កាសីុង ជាអ្នកមានបំផុតនៅអាសីុ ប៉ុន្ដែមុននឹងក្លាយជាមហាសេដ្ឋីបាន គាត់ត្រូវឆ្លងកាត់ជីវិតយ៉ាងលំបាកលំបិន ចាប់តាំងពីគាត់ចាប់កំណើតឡើងនៅប្រទេសចិន។ ទោះជាយ៉ាងណា ទីបំផុតគាត់ក៏បានឆ្លងកាត់ឧបសគ្គទាំងឡាយដោយជោគជ័យ។
ខាងក្រោមនេះជាមេរៀនជីវិតរបស់លោក លី កាសីុង៖
១. ទិញអាហារឲ្យអ្នកដែលសំខាន់ជាងអ្នក (Buy lunch for people more important than you.)
«ត្រូវចងចាំថា ការទិញអាហារឲ្យបុគ្គលដែលមានចំណេះដឹងជាងអ្នក មានជាងអ្នក ឬអ្នកដែលជួយអ្នកក្នុងអាជីពការងារ ជារឿងមួយដែលអ្នកត្រូវតែធ្វើ ហើយត្រូវប្រាកដថា អ្នកធ្វើបែបនេះជារៀង
រាល់ខែ។ មួយឆ្នាំក្រោយមក អ្នកនឹងទទួលបានមិត្តភាពដ៏អស្ចារ្យដែលពួកផ្ដល់តម្លៃឲ្យអ្នក។ កេរ្តិ៍ឈ្មោះ ឥទ្ធិពល និងតម្លៃរបស់អ្នកត្រូវគេទទួលស្គាល់យ៉ាងពិតប្រាកដ ហើយគេនឹងមើលឃើញអ្នកក្នុងរូបភាពជាមនុស្សល្អ និងសប្បុរស»។ 
២. ក្លាយជាចៃសៀវភៅ (Become a bookworm.)
«នៅពេលអ្នកទិញសៀវភៅ អ្នកត្រូវអានវាដោយយកចិត្តទុកដាក់ និងស្វែងយល់ពីមេរៀន និងយុទ្ធសាស្ត្រដែលសៀវភៅទាំងនោះបានបង្រៀនអ្នក។ គ្រប់សៀវភៅទាំងអស់ បន្ទាប់ពីអានវារួច អ្នកត្រូវសរសេរពីអ្វីដែលអ្នកយល់ជាភាសារបស់អ្នក។ ចែករំលែកអ្វីដែលបានរៀនពីសៀវភៅទាំងនោះជាមួយអ្នកដទៃ ដើម្បីអភិវឌ្ឍកិត្តិសព្ទ និងបង្កើនមន្ដស្នេហ៍របស់អ្នក»។
 ៣. ស្វែងយល់ពីការលក់ (Learn to sell like a wolf.)
«វាពិតជាអស្ចារ្យសម្រាប់ការងារផ្នែកលក់ក្រៅម៉ោង។ ការងារផ្នែកលក់គឺជាការប្រកួតប្រជែងមួយ ប៉ុន្ដែវាជាវិធីសាស្រ្ដដ៏ឆាប់រហ័សមួយសម្រាប់ជួយឲ្យអ្នកទទួលបានសិល្បៈក្នុងការលក់ ហើយនេះជាជំនាញស៊ីជម្រៅមួយដែលអ្នកនឹងអាចប្រើប្រាស់បានសម្រាប់អាជីពរបស់អ្នក។ សហគ្រិនជោគជ័យទាំងអស់សុទ្ធតែជាអ្នកលក់ដ៏ល្អ។ ពួកគេមានសមត្ថភាពក្នុងការលក់ក្ដីស្រមៃ និងចក្ខុវិស័យ។ លើសពីនេះទៀត អ្នកក៏អាចជួបមនុស្សជាច្រើនដែលអ្នកទាំងនោះនឹងមានប្រយោជន៍សម្រាប់អាជីពរបស់អ្នកនៅថ្ងៃក្រោយ។ ខណៈដែលអ្នកកំពុងស្ថិតនៅក្នុងផ្នែកលក់ អ្នកនឹងអាចស្វែងយល់ពីអ្វីដែលត្រូវលក់ និងអ្វីមិនត្រូវលក់»។
 ៤. កុំស្លៀកសម្លៀកបំពាក់ដែលថ្លៃហួសសមត្ថភាពអ្នក (Don’t wear clothes you can barely afford.)
«ព្យាយាមទិញសម្លៀកបំពាក់ និងស្បែកជើងឲ្យតិចបំផុត។ របស់ទាំងនោះអ្នកចង់ទិញប៉ុណ្ណាក៏បាន ក្រោយពេលអ្នកក្លាយជាអ្នកមាន។ អ្នកត្រូវចេះសន្សំសំចៃថវិកា ហើយជំនួសឲ្យការទិញកាដូឲ្យមនុស្សជាទីស្រលាញ់របស់អ្នក អ្នកត្រូវប្រាប់ពួកគេពីគម្រោង និងគោលដៅហិរញ្ញវត្ថុរបស់អ្នក។ អ្នកត្រូវប្រាប់ពួកគេពីមូលហេតុដែលអ្នកត្រូវត្បិតត្បៀត។ ប្រាប់ពួកគេពីបំណង ទិសដៅ និងក្ដីស្រមៃរបស់អ្នក»។
 ៥. ស្វែងយល់ពីអ្នកដទៃដោយការផ្ដល់ជំនួយដល់ពួកគេ (Learn from others by offering to help them.)
«ធុរជនទាំងអស់នៅគ្រប់ទីកន្លែងសុទ្ធតែត្រូវការជំនួយ។ ដូច្នេះអ្នកគួរតែធ្វើការងារក្រៅម៉ោងគ្រប់ឱកាសទាំងអស់ដែលអ្នកអាចធ្វើបានជាមួយធុរជនទាំងនោះ។ ធ្វើដូច្នេះនឹងជួយសំលៀងឆន្ទៈរបស់អ្នក និងជួយអភិវឌ្ឍជំនាញរបស់អ្នក។ អ្នកនឹងចាប់ផ្ដើមអភិវឌ្ឍទេពកោលស្យរបស់អ្នក ហើយឆាប់ៗនោះ អ្នកនឹងខិតទៅជិតគោលដៅអាជីវកម្មរបស់អ្នក»។
 ៦. ចាប់ផ្ដើមផែនការរបស់អ្នកកាន់តែឆាប់កាន់តែល្អ (Start planning A.S.A.P.)
«ជីវិតជាការរចនាឡើង។ អាជីពជាការគ្រោងឡើង។ សុភមង្គលជាការរៀបចំ។ អ្នកគួរតែចាប់ផ្ដើមគម្រោងពីពេលឥឡូវនេះ។ នៅពេលអ្នកក្រីក្រ អ្នកត្រូវចំណាយពេលនៅផ្ទះឲ្យកាន់តែតិច ហើយចំណាយពេលនៅក្រៅផ្ទះឲ្យបានច្រើន។ នៅពេលអ្នកមាន អ្នកត្រូវនៅផ្ទះច្រើនជាងនៅខាងក្រៅ។ នេះជាសិល្បៈនៃការរស់នៅ។ នៅពេលអ្នកក្រ អ្នកចំណាយលុយច្រើនទៅលើអ្នកដទៃ។ នៅពេលអ្នកមាន អ្នកចំណាយលុយឲ្យខ្លួនឯង។ មនុស្សជាច្រើនកំពុងតែធ្វើផ្ទុយពីនេះ»។
៧. កុំបណ្ដោយឲ្យភាពអាត្មានិយមដឹកមុខអ្នក (Don’t let your ego rule you.)
«នៅពេលអ្នកក្រ អ្នកត្រូវធ្វើល្អចំពោះអ្នកដទៃ។ នៅពេលអ្នកមាន អ្នកត្រូវធ្វើយ៉ាងណាដើម្បីឲ្យអ្នកដទៃធ្វើល្អចំពោះអ្នក។ អ្នកក៏ត្រូវរៀនធ្វើល្អចំពោះខ្លួនឯងឲ្យបានច្រើនដែរ។ នៅពេលអ្នកក្រ អ្នកត្រូវធ្វើខ្លួនឲ្យសកម្ម ហើយបណ្ដោយខ្លួនឲ្យអ្នកដទៃប្រើអ្នក។ នៅពេលអ្នកមាន អ្នកត្រូវការពារខ្លួនឲ្យបានល្អ ហើយកុំបណ្ដោយអ្នកដទៃប្រើអ្នកជាឈ្នាន់។ ទាំងនេះជាផ្លូវជីវិតដ៏ច្របូកច្របល់ដែលមនុស្សជាច្រើនមិនយល់ពីវា»។
 ៨. កុំសម្ញែងទ្រព្យសម្បត្តិរបស់អ្នកចំពោះមុខអ្នកដទៃ (Don’t ever flash your wealth to others.)
«នៅពេលអ្នកក្រ អ្នកដទៃនឹងមើលឃើញការចំណាយរបស់អ្នក។ នៅពេលអ្នកមាន សូមកុំសម្ញែងខ្លួនចំពោះមុខអ្នកដទៃ ប៉ុន្ដែអ្នកត្រូវចំណាយលុយដោយស្ងាត់ស្ងៀម។ នៅពេលអ្នកក្រ អ្នកត្រូវតែសប្បុរស។ នៅពេលអ្នកមាន អ្នកមិនត្រូវឲ្យអ្នកដទៃមើលឃើញថាអ្នកជាមនុស្សខ្ជះខ្ជាយនោះទេ»។
 ៩. ដាក់វិន័យឲ្យខ្លួនឯង (Discipline yourself.)
«វាគ្មានអ្វីខុសឆ្គងចំពោះភាពក្មេងខ្ចីរបស់អ្នកនោះទេ។ អ្នកមិនត្រូវខ្លាចភាពក្រីក្រឡើយ។ អ្នកត្រូវតែដឹងពីរបៀបបណ្ដាក់ទុនខ្លួនអ្នក ហើយត្រូវបង្កើនប្រាជ្ញា និងកេរ្ដិ៍ឈ្មោះរបស់អ្នក។ អ្នកត្រូវដឹងថា អ្វីសំខាន់នៅក្នុងជីវិត និងអ្វីដែលសំខាន់នៅក្នុងការបណ្ដាក់ទុន។ អ្នកក៏ត្រូវដឹងផងដែរថា អ្វីដែលអ្នកមិនគួរចំណាយលុយទៅលើវា។ នេះជាសារៈសំខាន់នៃការដាក់វិន័យឲ្យខ្លួនឯង។ ព្យាយាមកាត់បន្ថយការចំណាយខ្ជះខ្ជាយលើសម្លៀកបំពាក់ ហើយទិញតែសម្លៀកបំពាក់ដែលចាំបាច់ប៉ុណ្ណោះ។ កាត់បន្ថយការទទួលទាននៅខាងក្រៅ។ ប្រសិនបើអ្នកទទួលទាននៅខាងក្រៅ ត្រូវប្រាកដថា វាជាអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច ហើយអ្នកជាអ្នកចេញលុយ។ នៅពេលអ្នកប៉ាវអាហារពេលល្ងាចដល់នរណាម្នាក់ អ្នកត្រូវប្រាកដថា ម្នាក់នោះជាបុគ្គលដែលមានក្ដីស្រមៃធំជាងអ្នក ហើយជាមនុស្សឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងធ្វើការជាងអ្នក»៕ 

No comments: