Slide show

មេរៀនជីវិត ៥យ៉ាងពី Jack Ma

      Jack Ma ជាស្ថាបនិកក្រុមហ៊ុនយក្សដែលលក់ទំនិញតាមអ៊ីនធឺណេត Alibaba និងជាមហាសេដ្ឋីនៅអាស៊ីបានផ្ដល់គតិបណ្ឌិតជាច្រើនដែលនាំឲ្យអ្នកឆ្ពោះទៅរកភាពជោគជ័យ។ ខាងក្រោមនេះជាមេរៀនជីវិត ៥យ៉ាងដែលយើងអាចរៀនពីលោក Ma៖

 ១. គិតទុកមុន (Think ahead)

«យើងទទួលបានជោគជ័យថ្ងៃនេះ មិនមែនមានន័យថាយើងធ្វើបានល្អបំផុតនៅថ្ងៃនេះទេ ប៉ុន្ដែយើងមានក្ដីស្រមៃតាំងពី ១៥ឆ្នាំមុនម្ល៉េះ»។ នេះសម្ដីរបស់លោក Ma ដែលជាម្ចាស់ក្រុមហ៊ុន
Alibaba។ ជាការពិតណាស់
ភាពជោគជ័យមិនមែនកើតឡើងពីទង្វើតែមួយថ្ងៃនោះទេ។ មុននឹងមានថ្ងៃនេះ បុគ្គលជោគជ័យម្នាក់ៗបានខិតខំប្រឹងប្រែង និងត្រៀមខ្លួនអស់រយៈពេលជាយូរមកហើយ។ ពួកគេបានរៀបចំផែនការ យុទ្ធសាស្ត្រនានា និងឆ្លងកាត់កំហុសឆ្គងរាប់មិនអស់មុននឹងជាឈានដល់ភាពជោគជ័យនៅថ្ងៃនេះ។

 ២. លុយមិនមែនជាសុភមង្គលទេ ប៉ុន្ដែវាជាទំនួលខុសត្រូវ (Money isn’t happiness, it’s responsibility)

«ក្រោយបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ខ្ញុំបានធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស ដែលទទួលបានប្រាក់ខែ ២០ដុល្លារក្នុងមួយខែ វាអស្ចារ្យណាស់សម្រាប់ខ្ញុំ។ នៅពេលអ្នកមានលុយ ១លានដុល្លារ អ្នកជាមនុស្សសំណាងម្នាក់។ នៅពេលអ្នកមានលុយ ១០លានដុល្លារ អ្នកនឹងជួបបញ្ហាជាច្រើនដែលធ្វើឲ្យអ្នកឈឺក្បាល។ នៅពេលអ្នកមានលុយច្រើនជាង ១ពាន់លានដុល្លារ ឬ១០០លានដុល្លារ នោះគឺជាទំនួលខុសត្រូវដែលអ្នកត្រូវទទួល វាជាជំនឿជាក់ដែលមនុស្សជាច្រើនមានចំពោះអ្នក ពីព្រោះពួកគេជឿថាអ្នកអាចចំណាយលុយបានល្អជាងអ្នកដទៃ» នេះជាការលើកឡើងរបស់លោក Ma ក្នុងនាមជាម្ចាស់ក្រុមហ៊ុនមួយរូប។ ជាក់ស្ដែងណាស់ នៅពេលអ្នកមានលុយកាន់តែច្រើន អ្នកនឹងមានទំនួលខុសត្រូវកាន់តែខ្ពស់ មនុស្សជាច្រើនផ្ញើក្ដីសង្ឃឹមលើអ្នក ពួកគេគិតថាអ្នកនឹងនាំគេទៅរកភាពជោគជ័យ។ ខណៈពេលដែលអ្នកមានទំនួលខុសត្រូវកាន់តែខ្ពស់ ពេលវេលានៃសុភមង្គលរបស់អ្នកក៏កាន់តែខើចដែរ។

 ៣. ត្រៀមខ្លួនចំពោះអ្វីដែលនឹងកើតឡើងដោយចៃដន្យ (Expect the unexpected)

ជីវិតប្រៀបដូចជាប្រអប់សូកូឡា។ សូកូឡាមួយប្រអប់អាចមានច្រើនរសជាតិ ប៉ុន្ដែអ្នកប្រហែលជាមិនចូលចិត្តគ្រប់រសជាតិទាំងអស់នោះឡើយ។ អ្នកអាចនឹងចូលចិត្តរសជាតិមួយ ហើយរសជាតិមួយចំនួនអ្នកអាចនឹងមិនចូលចិត្ត។ វាប្រៀបដូចជាជីវិតរបស់មនុស្សដែរ ដែលមានគ្រប់រសជាតិ និងពោរពេញដោយភ្ញាក់ផ្អើល។ យើងក៏មិនធ្លាប់ដឹងមុនដែរថា យើងនឹងទទួលបានអ្វី ហើយអ្វីនឹងកើតឡើងនៅពេលខាងមុខ ប៉ុន្ដែនឹងខ្លួនត្រៀមខ្លួនទប់ទល់គ្រប់ស្ថានការណ៍។

 ៤. អ្នកមិនចាំបាច់ត្រូវការបណ្ដាញផ្សេងៗដើម្បីទទួលបានជោគជ័យនោះទេ (You don’t need connections to achieve success)

«យើងអត់មានឪពុកជាអ្នកមាន ឬមានពូជាមនុស្សមានឥទ្ធិពលនោះទេ។ យើងមានត្រឹមតែអតិថិជនប៉ុណ្ណោះដែលគាំទ្រយើង» នេះជាសម្ដីរបស់លោក Ma អ្នកដែលចាប់ផ្ដើមធ្វើអាជីវកម្មដំបូងនៅផ្ទះល្វែងរបស់គាត់ក្នុងក្រុង Hangzhou ប្រទេសចិន។ ក្នុងន័យនេះចង់បង្ហាញថា បុគ្គលជោគជ័យត្រូវចេះចាប់ផ្ដើមក្រោកឈរឡើងដោយខ្លួនឯង ដោយមិនពឹងផ្អែកលើខ្សែបណ្ដាញអ្នកដទៃ ប៉ុន្ដែអ្វីដែលត្រូវធ្វើឲ្យបានល្អបំផុតគឺការធ្វើយ៉ាងណាឲ្យអតិថិជនគាំទ្រយើង។

 ៥. ដើម្បីផ្លាស់ប្ដូរពិភពលោក អ្នកត្រូវបណ្ដាក់ទុនជាមួយក្មេងៗ (To change the world, invest in youth)

ដើម្បីផ្លាស់ប្ដូរពិភពលោក គឺយើងត្រូវជួយមនុស្សដែលចង់ក្លាយជាអ្នកជោគជ័យ ជាពិសេសជួយក្មេងជំនាន់ក្រោយ។ ការបណ្ដុះបណ្ដាលក្មេងតូចៗគឺជាវិធីសាស្ត្រមួយដ៏ល្អ ពីព្រោះពួកគេទាំងនោះនឹងក្លាយជាមនុស្សធំ។ ក្មេងជំនាន់ក្រោយនឹងមានគ្រាប់ពូជនៃគំនិតដែលអ្នកបានបណ្ដុះការគិតរបស់ពួកគេ ហើយពេលដែលពួកគេធំឡើង ពួកគេនឹងផ្លាស់ប្ដូរពិភពលោក៕

No comments: