Slide show

Larry Page ដឹកនាំ Google ពី​​​ដើមទុន ១​លាន​ដុល្លារ​ទៅ​ជា​ក្រុមហ៊ុន​មាន​ប្រាក់រាប់​ពាន់​លាន​ដុល្លារ ប្រវត្តិរូប​សង្ខេប​

បាន​កើត​នៅ​រដ្ឋ Michigan ក្នុង​ឆ្នាំ​១៩៧៣ ឪពុក​របស់​  Larry Page គឺ​ជា​អ្នក​​​ឯកទេស​កុំព្យូទ័រ ដូច្នេះ​ហើយ​វា​គ្មាន​អ្វី​គួរឲ្យ​ចម្លែក​នោះ​ទេ ​ដែល​ យុវ​សិស្ស​ម្នាក់​នេះ ​បាន​បន្ត​សិក្សា​​ផ្នែក​វិស្វករ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ​ Stanford ជា​កន្លែង​ដែល​លោក​បាន​ជួប​ជា​លើក​ដំបូង​ជា​មួយ​លោក Sergey Brin ​​សហស្ថាបនិក​រួម​របស់​​លោក​មាន​ដើម​កំណើត​​មក​ពី​ប្រទេស​រុស្ស៊ី។ និស្សិត​រួម​សាលា​ទាំង​ពីរ​នាក់​នេះ បាន​​ចាប់​ដៃ​គ្នា​បង្កើត​ក្រុមហ៊ុន​អ៊ីនធឺណិត​មួយ​ក្នុង​ឆ្នាំ​១៩៩៨​។ ​នោះ​គឺ ក្រុមហ៊ុន​ Googlជា​ក្រុមហ៊ុន​ស្រាវជ្រាវ​លើ​បណ្ដាញ​​អ៊ីនធឺណិត​ដ៏​មាន​ប្រជាប្រិយភាព និង ​​​ធំ​ជាងគេ​បំផុត​​ក្នុង​​​លោក​​នៅ​ពេល​បច្ចុប្បន្ន​នេះ​។





ដំណើរ​ផ្ដួចផ្ដើម​មុន​​ការ​បង្កើត​ក្រុមហ៊ុន Google

នៅ​វ័យ​២៤​ឆ្នាំ លោក Page បាន​​សម្រេចចិត្ត​ធ្វើ​ការ​រយៈ​ពេល​ពីរបី​ឆ្នាំ​ក្នុង​​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ មុន​នឹង​​បន្ត​ការ​សិក្សា​ផ្នែក​បណ្ឌិត​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Stanford។ នៅ​ទី​នេះ​ហើយ​ដែល​​លោក​បាន​ជួប Sergey Brin

និស្សិត​ទាំង​ពីរ​រូប​​នេះ​បាន​​​សហការ​គ្នា​ និង​លើកគម្រោង​បង្កើត​គេហទំព័រ​មួយ​ដែល​អាច​ឲ្យ​សាធារណជន​នៅ​​ជុំវិញ​ពិភពលោក​ចូល​ស្វែង​រក​ឯកសារ ឬ ព័ត៌មាន​ផ្សេងៗ​ដែល​គេ​ចង់​បាន​ដោយ​ភ្ជាប់​ទៅ​នឹង​គេហទំព័រ​ផ្សេង​ទៀត។ សម្រាប់​ Larry Pagដែល​បាន​បង្កើត​គេហទំព័រ​មួយ​របស់​ខ្លួន​ស្រាប់​​ ពី​មុន​​មក​មាន​ឈ្មោះ​ថា BackRub ​បាន​​សហការ​ជា​មួយ Brin នៅក្នុង​ឆ្នាំ​១៩៩៦ ​ប្តូរ​មក​ជា​​គេហទំព័រ PageRank យក​តាម​ឈ្មោះ​របស់ Larry Page នេះ។

បន្ទាប់​មក​និស្សិត​ទាំង​​ពី​រូប​នេះ​បាន​សាកល្បង​ធ្វើតេស្ត​គេហទំព័រ​របស់​ខ្លួន​នៅ​សាកលវិទ្យាល័យ Stanford។ ស្ថាបនិក​រួម​របស់​គេហទំព័រ​មួយ​នេះ ​បាន​​រក្ស​ទុក​​គេហទំព័រ​របស់​ខ្លួន​​នៅ​ជា​លក្ខណៈ​សាមញ្ញ​មួយ​ដោយ​ គ្មាន​ Web Developer ទន្ទឹម​នឹង​ការ​ស្វែង​រក​គន្លឹះ​ថ្មីៗ​​​បន្ថែម​ទៀត​ធ្វើ​ឲ្យ​គោលដៅ​របស់​ពួកគេ​ទទួល​បាន​ជោគជ័យ។



ការ​បង្កើត​ក្រុមហ៊ុន​ Google

បន្ទាប់​ពី​មាន​ជំនាញ​​គ្រប់គ្រាន់​លើ​​​​ប្រព័ន្ធ​បច្ចេកវិទ្យា Page និង Brin ​បាន​សម្រេចចិត្ត​​ដូរ​ឈ្មោះ​ក្រុមហ៊ុន​ចាស់​មក​ជា Google.com វិញ​ដែល​បាន​ដំណើរ​ការ​ជា​ផ្លូវការ​នៅ​ខែ​កញ្ញា ​ឆ្នាំ​១៩៩៨​ ក្នុង​​ដើម​ទុន​​ត្រឹមតែ​ ១​លាន​ដុល្លារ​ប៉ុណ្ណោះ​ដែល​ សហ​ស្ថាបនិក​ទាំង​ពីរ​នាក់​​​​​ទទួល​បាន​​ប្រាក់​កម្ចី​ពី​គ្រួសារ ​មិត្តភក្ដិ និង អ្នក​វិនិយោគ​​មួយ​ចំនួន​ទៀត។ ​​

អ្វីៗ​បាន​ដំណើរការ​ល្អ​ប្រសើរ​ជា​បន្តបន្ទាប់​ រហូត​ដល់​ឆ្នាំ​២០០៤ ក្រុមហ៊ុន Google បាន​​​ត្រូវ​ទទួល​ស្គាល់​ជា​ផ្លូវការ​ និង​មាន​ប្រជាប្រិយភាព​កាន់តែ​ធំ​ឡើង​​រហូត​​​អាច​រក​ប្រាក់​ចំណូល​បាន​១,៦៧​ពាន់​លាន​​ដុល្លារ​​​។ មក​ដល់​​ចុង​​ខែ មិថុនា​ ឆ្នាំ​២០០៨ ស្រាប់តែ​ក្រុមហ៊ុន​អ៊ីនធឺណិត​យក្ស​មួយ​នេះ ​ប្រកាស​ថា ​ខ្លួន​​បាន​រក​ប្រាក់​​ចំណូល​បន្ថែម​ទៀត​រហូត​ដល់ ​​៥,៣៧​ ពាន់​លាន​ដុល្លារ ពោល​គឺ​បាន​កើនឡើង ៣៩% បើ​ប្រៀប​ទៅ​នឹង​ត្រីមាស​ទី​២​នៅ​ក្នុង​ឆ្នាំ​២០០៧។

​កាន់តែ​​ភ្ញាក់ផ្អើល​ជាង​នេះ ជា​មួយ​នឹង​មាន​ចំនួន​អ្នក​​ប្រើ​ ​៥,៩​ពាន់​លាន​នាក់​ក្នុង​មួយ​ថ្ងៃ ក្នុង​ឆ្នាំ​២០១៣​ កន្លង​ទៅ​នេះ Google អាច​រក​ប្រាក់​ចំណូល​បាន ១៦, ៧៥​ពាន់​លាន​ដុល្លារ ដែល​​នេះ​បាន​​ធ្វើ​ឲ្យ​​​​លោក Page ជាប់​ចំណាត់​ថ្នាក់​ជា​​​មហាសេដ្ឋី​មាន​បំផុត​​លំដាប់​​លេខរៀង​ទី​១៣ ​របស់​អាមេរិក ​តាម​រយៈ​ទស្សនាវដី្ត Forbes

នៅ​ពេល​បច្ចុប្បន្ន​នេះ ក្នុង​នាម​ជា CEO ​ដឹក​នាំ​ក្រុមហ៊ុន​លំដាប់​ពិភពលោក​មួយ​នេះ លោក ​Page មាន​ទំនួល​ខុសត្រូវ​លើ​កិច្ចការ​ទូទៅ​របស់​ក្រុមហ៊ុន​​ ជា​មួយ​​ស្ថាបនិក​រួម​​របស់​លោក​គឺ លោក Brin ដែល​ជា​នាយក​គ្រប់គ្រង​គម្រោង​ពិសេស​របស់​ក្រុមហ៊ុន ​Google ខណៈ​ដែល​លោក Eric Schmidt មាន​​មុខងារ​ជា​នាយក​ប្រតិបត្តិ(Executive Chairman)។

ភាព​ជោគជ័យ​របស់​លោក Page នឹង​អាច​ជា​ផ្លូវ​មួយ​ត្រួសត្រាយ​ប្រិយមិត្ត ជា​ពិសេស​សហគ្រិន​​ទាំង​អស់​​ដែល​ចង់​បើក​អាជីវកម្ម ឬ មុខ​ជំនួញ​​របស់​ខ្លួន​ដោយ​ជោគជ័យ។ ខាងក្រោម​នេះ ជា​ដំបូន្មាន​ល្អៗ​សំខាន់ៗ​ចំនួន​ ៥​ របស់​លោក Page សម្រាប់​​មិត្ត​អ្នកអាន​ស្វែង​យល់៖​

១) ប្រើប្រាស់​​យុទ្ធសាស្ត្រ​​វាយលុក​ទីផ្សារ​​យ៉ាង​មានប្រសិទ្ធភាព

​​សម្រាប់​លោក Page បច្ចេកវិទ្យា​តែ​មួយ​មុខ​ មិន​អាច​ធ្វើ​ Google ជោគជ័យ​បាន​ទេ តែ​គន្លឹះ​​បង្កើត​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​​​ចូល​វាយលុក​​ក្នុង​ទីផ្សារ​ពិត​ជា​អាច។ ក្នុង​មួយ​ឆ្នាំៗ Google បាន​រក​ប្រាក់​ចំណូល​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​កម្មវិធី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា​ដែល​គ្មាន​ក្រុមហ៊ុន​ណា​​មួយ​ធ្វើ​បាន​​ពី​មុន​មក។

២) កុំ​ផ្ដោត​លើ​ដៃគូ​ប្រកួតប្រជែង​ហួសហេតុ​ពេក

ការ​លើក​ទឹកចិត្ត​​សម្រាប់​ខ្លួន​ឯង ទោះបី​​ជា​ពេល​ខ្លះ​ដឹង​ថា ​ក្រុមហ៊ុន​ដទៃ​ខ្លាំង​ជាង​អ្នក​គឺ​ជា​អ្វី​ដែល​សហគ្រិន​គ្រប់រូប​ត្រូវ​ប្រកាន់​ខ្ជាប់។ នេះ ​ជា​ការ​លើកឡើង​របស់​លោក Page។ អ្នក​មិន​ត្រូវ​លើកតម្កើង​​សមត្ថភាព​ក្រុមហ៊ុន​ណា​មួយ​​ឲ្យ​ហួស​ពី​​សមត្ថភាព​​ក្រុមហ៊ុន​របស់​​អ្នក​នោះ​ឡើយ។ ការ​ផ្ដោត​លើ​គោលដៅ​​របស់​អ្នក ហើយ​ព្យាយាម​រក​គន្លឹះ​​ឬ យុទ្ធសាស្ត្រ​មួយ​​ខុស​ប្លែក​ពី​គេ ដែល​ក្រុមហ៊ុន​នោះ​គ្មាន នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ឈរ​នៅ​មុខ​គេ​បាន​។​

៣) យក​អ្នក​ចេះ​ធ្វើ​ជា​ដៃគូ​អាជីវកម្ម

Eric Schmidt និង Sergey Brin គឺ​ជា​បុគ្គល​សំខាន់​ឆ្វេង​ស្តាំ​របស់​លោក Page ដែល​ធ្វើ​ឲ្យ​គាត់​បាន​ទទួល​ជោគជ័យ​នៅ​ថ្ងៃ​នេះ។ CEO របស់​ ក្រុមហ៊ុន​ Google ម្នាក់​នេះ​បាន​និយាយ​ថា បើ​ចង់​ជោគជ័យ​មែន​នោះ សហគ្រិន​គ្រប់រូប​ត្រូវ​មាន​ទំនាក់ទំនង​ ឬ ធ្វើ​កា​ជា​មួយ​បុគ្គល​មាន​​ចំណេះដឹង​​ ឬ ជំនាញ​ច្បាស់លាស់​​ក្នុង​​កិច្ចការ​អាជីវកម្ម​​ ត្បិត​អី​បុគ្គល​ប្រភេទ​នេះ​នឹង​ធ្វើ​​ជួយ​បណ្តុះបណ្តាល​ឲ្យ​អ្នក​​កាន់តែ​រីកចម្រើន​ឡើង។

៤) ចង់​បើក​អាជីវកម្ម​ទាល់តែ​មាន​មហិច្ឆតា​ធំ

លោក Larry Page ជា​មនុស្ស​មាន​ទស្សនវិស័យ​យូរអង្វែង និង មាន​មហិច្ឆតា​​ខ្ពស់​​​សម្រាប់​ពង្រីក​ក្រុមហ៊ុន​របស់​លោក​ឲ្យ​កាន់តែ​បោះ​ជំហាន​ពី​​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លោក​បាន​​លើក​ឡើង​ថា មិន​ចំពោះ​ថា ប្រធាន​ក្រុមហ៊ុន​ជា​អ្នកណា​នោះ​ទេ តែ​ការ​​ផ្តល់​សង្ឃឹម និង ការ​បង្កើត​មហិច្ឆតា​សម្រាប់​ខ្លួន​ឯង និង​ក្រុមហ៊ុន​​ទាំង​មូល​ថា ​ចង់​បាន​​អ្វី​នៅ​ពេល​ខាងមុខ គឺ​ជា​រឿង​ចាំបាច់។​​

៥) ភាព​ជឿជាក់

លោក Larr​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​បុគ្គល​មាន​យុទ្ធសាស្ត្រ​មុតស្រួច​បំផុត​របស់​ក្រុមហ៊ុន​មួយ​នេះ សម្រាប់​​អនុវត្ត​ទិសដៅ និង ការ​សម្រេចចិត្ត​ផ្សេងៗ​នៅ​ក្នុង​ក្រុមហ៊ុន។ ទំនុកចិត្ត និង​ភាព​ជឿជាក់​របស់​លោក ​បាន​ធ្វើ​ឲ្យ​​​មហាសេដ្ឋី​​ម្នាក់​បំពេញ​​ការងារ​ដោយ​ជោគជ័យ​បំផុត​ក្រោម​ការ​សហការ​​គ្នា​យ៉ាង​ស៊ីចង្វាក់​ជា​មួយ​ស្ថាបនិក​រួម​របស់​គាត់ លោក Sergey Brin 

៦) ក្រុមហ៊ុន​អ្នក​អាច​ក្លាយ​ជា​ក្រុមហ៊ុនធំ​ជាង Google

នេះ​ពិត​ជា​ការ​លើក​ទឹកចិត្ត​ដ៏​ធំ​មួយ​របស់​​លោក Page ​ទៅ​ដល់​សហគ្រិន​នានា​នៅ​ជុំវិញ​ពិភពលោក។ លោក​បាន​​និយាយ​ថា Google គ្រាន់តែ​ជា​ក្រុមហ៊ុន​​​ដ៏​តូច​មួយ​ប៉ុណ្ណោះ ​​អាច​រក​ឃើញ​​​យុទ្ធសាស្ត្រ​ធ្វើ​អាជីវកម្ម​​នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​យើង​នេះ។ នេះ​មាន​ន័យ​ថា នៅ​មាន​​​​យុទ្ធសាស្ត្រ​បង្កើត​​មុខ​ជំនួញ រាប់​លាន​ប្រភេទ​ផ្សេង​ទៀត​កំពុង​​លាក់​ខ្លួន​នៅ​ភព​ផែនដី​នៅ​ពេល​បច្ចុប្បន្ន​​ ហើយ​កំពុង​រង់ចាំ​​សហគ្រិន​​​ដែល​មាន​សមត្ថភាព​ទៅ​​​ជីក​កកាយ​​វា​ឡើង៕


No comments: