បុគ្គល ៤ រូបសុខចិត្តឈប់រៀនទៅធ្វើជំនួញក្លាយជាមហាសេដ្ឋីមានលុយច្រើនបំផុត
នៅពេលដែលលោកអ្នកកំពុងសិក្សានៅមហាវិទ្យាល័យ លោកអ្នកមានឱកាសបានក្រេបជញ្ជក់យកចំណេះវិជ្ជាយ៉ាងច្រើនឥតគណនា។ មហាវិទ្យាល័យជាទីកន្លែងប្រមូលផ្ដុំនូវចំណេះដឹង និងមុខវិជ្ជាសិក្សាសម្រាប់និស្សិតសិក្សាមុខវិជ្ជាដែលខ្លួនពេញចិត្ត ហើយចាប់អាជីពអ្វីមួយដែលត្រូវនឹងសញ្ញាបត្រដែលបានរៀនចប់ជាស្ថាពរ។ ការសិក្សាពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍខ្លួនឯងផង និងអភិវឌ្ឍសង្គមជាតិផង។ សមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបច្ចេកវិទ្យាទំនើប កើតមានពីការសិក្សារៀនសូត្រ។
ទោះជាយ៉ាងណាក្ដី នៅក្នុងពិភពលោកនេះ ក៏មានបុគ្គលមួយចំនួនអាចរកឃើញភាពជោគជ័យនៅក្នុងជីវិត និងមានទ្រព្យសម្បត្តិច្រើនមហាសាល ខណៈដែលអស់លោករៀនមិនបានចប់ថ្នាក់បរិញ្ញាបត្រជាស្ថាពរផង។ ខាងក្រោមនេះជាមហាសេដ្ឋីចំនួន ៥ រូបដែលមានប្រាក់រាប់សិបពាន់លានដុល្លារ ហើយបានឈប់រៀនកណ្ដាលទីពេលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ។
១- លោកប៊ីលហ្គេត (Bill Gates) ម្ចាស់ក្រុមហ៊ុន Microsoft
មានប្រាក់ជាង ៨០ ពាន់លានដុល្លារ (ឯកសារខ្លះថាលោកមានប្រាក់ជាង ៧៩ ពាន់លានដុល្លារ)
លោកប៊ីលហ្គេតកើតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៥៥ នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
លោកប៊ីលហ្គេតសិក្សាបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យហាវើត (Harvard) ហើយក៏បានឈប់រៀនកណ្ដាលទី។ លោកប៊ីលហ្គេតជាបុគ្គលដែលមានបញ្ញាឈ្លាសវៃ និងមានចក្ខុវិស័យត្រឹមត្រូវ។ លោកយល់ថាលោកត្រូវរកស៊ីខាង Software ជាជាង Hardware ព្រោះលោកអាចរក្សាកម្មសិទ្ធិបញ្ញាខាង Software របស់លោកបាន។ ក្រោយមក លោកបានបបួលលោក Paul Allen ជាមិត្តសំឡាញ់ចាស់តាំងពីក្មេង ដើម្បីចូលហ៊ុនរកស៊ីខាងសរសេរកម្មវិធីកុំព្យូទ័រ។ អស់លោកទាំងពីរក៏បានឈប់រៀនកណ្ដាលទី ហើយបើកក្រុមហ៊ុន Microsoft។
២- លោកឡារីអេលីសឹន (Larry Ellison) ជាម្ចាស់ក្រុមហ៊ុន Oracle
មានប្រាក់ជាង ៥៤ ពាន់លានដុល្លារ
លោកកើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៤៤។ លោកអេលីសឹនត្រូវគេចាត់ទុកជាបុគ្គលដែលពូកែ
ខាងសរសេរ program និងក៏ជាអ្នករកស៊ីខាងអ៊ីនធឺណែតផងដែរ។ កាលរៀននៅថ្នាក់វិទ្យាល័យ លោកពូកែខាងមុខវិជ្ជាវិទ្យាសាស្ត្រ និងគណិតវិទ្យា។ ពេលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លោកបានចូលរៀននៅសាកលវិទ្យាល័យអ៊ីលីណយ (Illinois)។ រៀនបានពីរឆ្នាំ លោកក៏បានឈប់រៀន បន្ទាប់ពីម្ដាយចិញ្ចឹមរបស់លោកទទួលអនិច្ចកម្ម។ មួយឆ្នាំក្រោយមក លោកបានចូលរៀននៅសាកលវិទ្យាល័យឈីកាហ្គោ (Chicago)។ រៀនបានមួយឆមាស លោកក៏ឈប់រៀន។ ពេលនោះ លោកសល់ប្រាក់បន្តិចបន្តួចប៉ុណ្ណោះ ហើយក៏ទៅធ្វើការឲ្យគេសិន តាមក្រុមហ៊ុននានាអស់រយៈពេល ១០ ឆ្នាំ។ នៅឆ្នាំ១៩៧៧ លោកបានសហការជាមួយមិត្តភក្ដិម្នាក់ទៀត ចូលហ៊ុនគ្នាបង្កើតក្រុមហ៊ុន Oracle។ ក្រុមហ៊ុនរបស់លោកលក់ទាំង Hardware និង Software។ សព្វថ្ងៃ លោកឡារីអេលីសឹនជាមហាសេដ្ឋីលំដាប់ទី៥ពិភពលោក។
៣- លោកម៉ាកហ្សាក់ខឺបឺក (Mark Zuckerberg) ជាម្ចាស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook)
មានប្រាក់ជាង ៣៤ ពាន់លានដុល្លារ
លោកម៉ាកហ្សាក់ខឺបឺកកើតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៨៤ នៅរដ្ឋញីវយ៉ក សហរដ្ឋអាមេរិក។
លោកត្រូវគេចាត់ទុកថាជាមហាសេដ្ឋីវ័យក្មេង និងជាសហគ្រិនខាងអ៊ីនធឺណែតដ៏លេចធ្លោបំផុតនៅក្នុងពិភពលោកសម្រាប់ពេលបច្ចុប្បន្ន។ តាំងពីនៅវ័យក្មេង លោកមានចំណង់ចំណូលចិត្តខាងសរសេរ Software និងសរសេរកម្មវិធីហ្គែម (game)។ នៅថ្នាក់វិទ្យាល័យ លោករៀនពូកែបំផុតលើមុខវិជ្ជាមួយចំនួន រហូតដល់លោកអាចចូលរៀននៅសាកលវិទ្យាល័យហាវើត។ ពេលកំពុងរៀនឆ្នាំទីពីរ លោកបានសរសេរកម្មវិធីសម្រាប់ដំណើរការបណ្ដាញសង្គម (social network) ដែលបច្ចុប្បន្នត្រូវគេស្គាល់សឹងគ្រប់គ្នាថាហ្វេសប៊ូក (Facebook)។ លោកសម្រេចចិត្តថាត្រូវឈប់រៀនត្រឹមឆ្នាំទីពីរ ដើម្បីយកពេលបង្ហើយកិច្ចការសរសេរ software របស់លោក។
៤- លោកម៉ៃឃើលឌែល (Michael Dell) ម្ចាស់ក្រុមហ៊ុន Dell មានប្រាក់ជាង ១៨ ពាន់លានដុល្លារ
លោកកើតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៦៥ នៅរដ្ឋតិចសាស់ (Texas) សហរដ្ឋអាមេរិក។ លោកមាន
ចំណូលចិត្តខាងធ្វើជំនួញតាំងពីលោកនៅវ័យក្មេងមកម៉្លេះ។ ដូចនេះ លោកប្រឹងធ្វើការក្រៅម៉ោងដើម្បីសន្សំលុយទុកបើកក្រុមហ៊ុន តាំងពីលោកនៅរៀនថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យ។ ពេលអាយុ ១៥ ឆ្នាំ លោកទិញកុំព្យូទ័រមួយគ្រឿង ហើយលោកក៏ចាប់ចិត្តនឹងការផលិតកុំព្យូទ័រជាខ្លាំង។ ពេលកំពុងសិក្សានៅសាកលវិទ្យាល័យតិចសាស់ លោកក៏បានឈប់រៀនកណ្ដាលទី ហើយបង្កើតក្រុមហ៊ុនតែម្នាក់ឯងតែម្ដងដែលមានឈ្មោះថាឌែល (Dell) ខាងផលិត Software និង Hardware និងលក់សេវាខាងថែទាំ និងដំណើរការ server ជាប្រភេទ cloud service។ ពេលបើកក្រុមហ៊ុនដំបូង លោកមានប្រាក់ ១០០០ ដុល្លារ៕
No comments: