នាទីស្វាមីចំពោះភរិយា
១. អ្នកជាស្វាមីប្រភេទណា?
ស្វាមី ៧ជំពូក៖
-វធកាស្វាមីៈ ស្វាមីដូចពេជ្ឃឃាត រង់ចាំតែរករឿងវាយតប់និងសម្លាប់ភរិយាខ្លួន ចិត្តមិនត្រាប្រណី ដូចជាពេជ្ឃឃាតដែលមិនត្រាប្រណី ចំពោះអ្នកទោសរបស់ខ្លួន ។
-ចោរស្វាមីៈ ស្វាមីដូចចោរ មិនត្រង់នឹងភរិយាខ្លួន ចាំតែលួចបំបាត់ទ្រព្យសម្បត្តិ ឬលាក់លាមរឿងអ្វីៗនឹងប្រពន្ធ ដូចជាចោរដែលចាំតែលួចទ្រព្យគេ និងលាក់បំបាត់រឿងអាក្រក់មិនឲ្យគេដឹង ។
-អយ្យាស្វាមីៈ ស្វាមីដូចជាចៅហ្វាយ ចាំតែចង្អុលបញ្ជា ខុសស្តីបន្ទោស ប្រើប្រពន្ធធ្វើការដូចខ្ញុំបម្រើរបស់ខ្លួន ។
-បិតាស្វាមីៈ ស្វាមីដូចជាឪពុក មានចិត្តស្រឡាញ់ថ្នាក់ថ្នមប្រពន្ធដូចកូន មើលការខុសត្រូវ រវាំងមិនឲ្យកូនធ្វើខុស ការពារកូនគ្រប់ទិសទី ។
-ជេដ្ឋាស្វាមីៈ ស្វាមីដូចបងប្រុស ស្រឡាញ់ថែទាំប្រពន្ធ ដូចបងប្រុសស្រឡាញ់ប្អូន ការពារប្អូន ។
-សខីស្វាមីៈ ស្វាមីដូចមិត្តភក្តិ គឺទុកភរិយាខ្លួស្មើនឹងមិត្តពេលជួបគ្នាក៏រីករាយ បានអ្វីក៏ចែកគ្នាតាមនាទីមិត្តគោរពមិត្ត រួមទុក្ខរួមសុខគ្នា ។
-ទាសាស្វាមីៈ ស្វាមីដូចទាសា ស្តាប់បង្គាប់ភរិយា ធ្វើការគ្រប់បែបយ៉ាងមិនឲ្យភរិយាខ្លួនព្រួយឡើយ ។
ស្វាមី ៣ជំពូកខាងលើមិនល្អឡើយ លោកឲ្យចៀសវាងចេញ កុំប្រព្រឹត្តនិងឲ្យរើសយកយ៉ាងណាមួយ ក្នុងចំណោម ៤ យ៉ាងខាងក្រោម ។
២. ចំណុចខ្សោយរបស់អ្នកជាស្វាមី
ចំណុចខ្សោយ ១០យ៉ាងខាងក្រោម អ្នកជាស្វាមីគប្បីដឹង និងពិនិត្យកែខៃខ្លួនឲ្យបានល្អ និងទាន់ពេលវេលា ព្រោះចំណុចខ្សោយនេះ ជាកត្តាដែលអាចឲ្យភរិយា របស់ខ្លួនមើលងាយ ឬធុញទ្រាន់មកលើខ្លួនបានៈ
-ជាមនុស្សក្រ មិនមានទ្រព្យសម្បត្តិអ្វីសោះ ។ ក្រនេះអាចរួមដល់ការ ក្រគំនិត ក្របញ្ញា ឬដូចសម្តេចព្រះសង្ឃរាជលោកតែងជាកាព្យថា " ក្រកិច្ច ក្រកល់ ក្រដឹង ក្រយល់ ក្រវៃឆ្នៃទាស់ " ។
-ជាមនុស្សដែលមានជំងឺជាប់ជានិច្ច ជំងឺរ៉ាំរ៉ៃ មួយថ្ងៃកាត់ មួយថ្ងៃកោរ រកថ្ងៃជានោះតិច បន្តិចឈឺៗ ។
-ជាមនុស្សចាស់ គ្រាំគ្រា ទុព្វលភាព រាងកាយមិនមាំមួន ចាស់ជរា ចូលតម្រាតាជូជក និងនាងអមិត្តធីតា ធ្វើអ្វីមិនកើត ត្រូវពឹងភរិយាខ្លួន ។
-ជាមនុស្សស្រវឹងអ៊ួទីនួ ដើរដេកតាមផ្លូវក្របី ឬតាមផ្លូវជាដើម ពេលស្រវឹង ក៏ធ្វើអាការៈ ថោកទាប អាក្រាតខ្លួន ឬពុំនោះសោត ក៏វាយប្រពន្ធកូន ។
-ជាមនុស្សល្ងង់ ទក់មក់ ទ្រើកៗ មិនសូវគ្រប់ ១០ ។
-ជាមនុស្សធ្វេសប្រហែស ខ្ជីខ្ជា គ្មានសតិ មានសេចក្តីប្រមាទច្រើន ។
-ធ្វើអ្វី ធ្វើមិនជាក់លាក់ ចាប់នេះ ចាប់នោះមិនឆ្ពោះត្រង់ណា ធ្វើនេះបន្តិច ចាប់ការឲ្យពីសពាស មិនច្បាស់អ្វីសោះ ។
-ខ្ជិលច្រអូស មិនធ្វើការងារ ដេកចាំតែស៊ី ចាំតែអង្គុយបង្ហាញ ពឹងតែកម្លាំងប្រពន្ធ រកស៊ីដូចសត្វប្រឡាំងកាស ។
-មិនប្រឹងប្រែងរកទ្រព្យសម្បត្តិយកមកទុកដាក់ ។
-បំផ្លាញទ្រព្យសម្បត្តិឲ្យវិនាសទៅដោយអបាយមុខ ឬដោយប្រការណាមួយ ។
៣. ស្គាល់ពីភរិយារបស់អ្នក
ការរួមរស់ជាមួយគ្នា មិនមែនជាការស្រួលទេ បើគេពុំបានស្គាល់គ្នា ឬប្រពន្ធ ឬពុំព្រមស្គាល់គ្នាឲ្យបានច្បាស់លាស់ ។ ស្វាមីស្គាល់ភរិយា ភរិយាស្គាល់ស្វាមីជាពាក្យដែលមានន័យថា ស្វាមីភរិយាខ្លួនមិនមែនជាអ្នកដទៃ មិនមែនជាមនុស្សប្លែកមុខ ឬសត្រូវទេ ។ ការស្គាល់នេះ មិនមែនស្គាល់ដូចស្គាល់គោក្របីនោះទេ គឺស្គាល់ចរិត ស្គាល់ចរិត ស្គាល់កិរិយាមារយាទ ស្គាល់ការចូលចិត្ត ស្គាល់សុខ ស្គាល់ទុក្ខរបស់អ្នកម្ខាងទៀត ។
ម៉្យាងទៀត បើយើងស្គាល់ ហើយចំណាំបានថា ស្វាមីភរិយារបស់យើងធ្លាប់មានការប្រព្រឹត្តយ៉ាងនេះៗ លុះដល់យើងឃើញប្លែកខុសពីប្រក្រតី ក៏នឹងអាចឲ្យយើងពិចារណា ឬតាមដានមើលថា មានអ្វីកើតឡើងចំពោះស្វាមីខ្លួន ហើយអាចនឹងការពារបានចំពោះអន្តរាយណាមួយ ដែលនឹងកើតឡើងចំពោះដៃគូខ្លួនជាមិនខាន ឬបើមានរឿងកើតឡើងនោះ ក៏នឹងមិនធ្ងន់ធ្ងរពេក ។
នៅក្នុងជាតក រឿងកុណាលជាតក (ជាតករឿងតាវៅ) បាននិយាយពីលក្ខណៈរបស់ភរិយាមិនល្អ ទុកជាច្រើនប្រការ សម្រាប់ឲ្យស្វាមីពិនិត្យ និងធ្វើការប្រុងប្រយ័ត្ន ។
ដកស្រង់ចេញពី "សៀវភៅជីវិតអាពាហ៍ពិពាហ៍" រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហេង មណីចិន្តា
ដោយ៥០០០ឆ្នាំ
Nice conversation
ReplyDelete