Slide show

គំនិតរបស់ Li Ka-Shing

         ខាងក្រោមនេះជាកិច្ចសម្ភាសរវាងទស្សនាវដ្តី FORBES និងមហាសេដ្ឋីពិភពលោករបស់ហុងកុងលោក លី កាស៊ីន៖


យើងចង់ចាប់ផ្តើមពីការមកដល់ហុងកុង ក៏ដូចជាប្រវត្តិរូបរបស់លោក។ ជាក់ស្ដែងលោកទទួលបានឥទ្ធិពលពីឪពុករបស់លោកដែលជាគ្រូបង្រៀន។ គាត់បានបណ្ដុះគំនិតលោកឲ្យចូលចិត្តការអានសៀវភៅ និងស្វែងរកចំណេះដឹងថ្មីៗ។ ស្ដាប់មើលទៅហាក់បីដូចជា ទោះបីជាលោកជួបការលំបាកយ៉ាងណាក៏ដោយ ក៏អ្នកនូវតែមានសុទិដ្ឋិនិយមអំពីអនាគត។ តើខ្ញុំនិយាយនេះត្រូវទេ?

បាទ ប្រាកដណាស់ ខ្ញុំជាមនុស្សសុទិដ្ឋិនិយម។ ខ្ញុំចង់ប្រាប់ថា នៅពេលអ្នកខិតខំរៀនសូត្រ និងប្រឹងប្រែងធ្វើការ ពេលនោះចំណេះដឹង និងទំនុកចិត្តរបស់អ្នកនឹងកើនឡើង។ អ្នកដឹងកាន់តែច្រើន អ្នកកាន់តែមានទំនុកចិត្តលើខ្លួនឯង។
ជាក់ស្តែងពេលដែលខ្ញុំមានអាយុ ១០ឆ្នាំ ខ្ញុំត្រូវបង្ខំចិត្តឈប់រៀន ប៉ុន្ដែខ្ញុំនៅតែមានសង្ឃឹមថា ខ្ញុំនឹងអាចត្រឡប់ចូលសាលារៀនវិញនៅថ្ងៃណាមួយជាក់ជាមិនខាន។ បន្ទាប់មកគ្រួសារខ្ញុំបានមកដល់ហុងកុង ពេលនោះជីវភាពរបស់យើងពិតជាលំបាកណាស់ ហើយខ្ញុំត្រូវតែស្វែងរកការងារធ្វើឲ្យបាន។ ពេលនោះហើយដែលខ្ញុំបានស្គាល់រស់ជាតិជីវិតជាលើកដំបូង។ ពេលអាយុ ១២ឆ្នាំ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងដូចជាអាយុ ២០ឆ្នាំ។

          អញ្ចឹងបានសេចក្តីថា ឲ្យតែមានទំនុកចិត្តលើខ្លួនឯង អ្វីៗសុទ្ធតែអាចដោះស្រាយបានមែនឬ?

    អំឡុងពេលការកាន់កាប់របស់ជប៉ុន ក្រៅពីធ្វើការងារ ខ្ញុំចាំបាច់ត្រូវស្រូបយកខ្យល់អាកាសបរិសុទ្ធឲ្យបានច្រើនដើម្បីមានសុខភាព ព្រោះពេលនោះខ្ញុំមានផ្ទុកជំងឺរបេងដែលឆ្លងពីឪពុករបស់ខ្ញុំ។ យ៉ាងណាក៏ដោយ អំឡុងពេលនោះខ្ញុំត្រូវរៀនផង និងធ្វើការផង។ ទាំងអស់នេះបានធ្វើឲ្យខ្ញុំមានទំនុកចិត្តកាន់តែខ្លាំងឡើយ។ និយាយពីការងារវិញ ថ្ងៃមួយប្រធានរបស់ខ្ញុំត្រូវការអ្នកសរសេរសំបុត្រ។ គាត់មានលេខាសម្រាប់ជួយសរសេរ ប៉ុន្ដែលេខានោះបានសុំច្បាប់ឈប់សម្រាក។ ប្រធានរបស់ខ្ញុំបានសួរគេពេញការិយាល័យថា តើនរណាអាចជួយគាត់បាន ពេលនោះក្រុមការងាររបស់ខ្ញុំក៏បានស្នើឈ្មោះខ្ញុំឡើង។ ពេលសរសេរចប់ ប្រធានរបស់ខ្ញុំបាននិយាយថា ខ្ញុំសរសេរលិខិតបានលឿន និងរៀបរយ។ គាត់ពេញចិត្តខ្លាំងចំពោះការងាររបស់ខ្ញុំណាស់ ហើយបានដំឡើងខ្ញុំធ្វើជាប្រធានផ្នែកតូចមួយ។ ខ្ញុំតែងតែមានជំនឿថា ចំណេះដឹងនឹងអាចផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ ហើយករណីនេះគឺចំណេះដឹងពិតជាបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ។

             តើអ្នកគិតថាឱកាសក្នុងពេលនោះ អ្នកអាចធ្វើធុរកិច្ចបានឬទេ?

    បន្ទាប់ពីការដំឡើងតំណែងរបស់ខ្ញុំ ខ្ញុំបានស្នើសុំធ្វើជាអ្នកទីផ្សាលក់ដុំ(Wholesale Salesman)។ នេះពិតជាការងារដ៏លំបាកមួយ ប៉ុន្តែវាមានអនាគតល្អ។ ក្នុងពេលនោះដែរ ក្រុមហ៊ុនរបស់យើងមានអ្នកលក់ ៧នាក់ផ្សេងទៀត។ នៅថ្ងៃចូលឆ្នាំថ្មី លោកប្រធានបានប្រកាសថា ប្រាក់បន្ថែមសម្រាប់ឆ្នាំនេះគឺអាស្រ័យលើការលក់របស់បុគ្គលិកម្នាក់ៗ។ នៅបំណាច់ឆ្នាំ ការលក់សរុបរបស់ខ្ញុំគឺខ្ពស់ជាងគេ ខ្ពស់ជាងអ្នកដែលលក់បានច្រើនបំផុតបន្ទាប់ពីខ្ញុំ ៧ដង។ ប្រសិនបើគេឲ្យប្រាក់បន្ថែមអាស្រ័យលើការលក់ នោះខ្ញុំនឹងទទួលបានប្រាក់ច្រើនជាងអ្នកគ្រប់គ្រងទូទៅ(General Manager)។ អ្នកលក់ផ្សេងៗទៀតបានច្រណែននឹងខ្ញុំ។ ដូច្នេះខ្ញុំក៏បាននិយាយទៅកាន់លោកប្រធានថា «ឲ្យប្រាក់បន្ថែមខ្ញុំស្មើនឹងអ្នកលក់ដែលបានច្រើនបំផុតបន្ទាប់ពីខ្ញុំទៅបានហើយ ព្រោះវានឹងធ្វើឲ្យអ្នកគ្រប់គ្នាសប្បាយចិត្ត»។ ជាលទ្ធផល នៅអាយុ ១៩ឆ្នាំ ខ្ញុំបានក្លាយអ្នកគ្រប់គ្រងទូទៅនៅរោងចក្រនោះ។

ក្រៅពីការងារ ខ្ញុំតែងតែតាមដានការវិវត្តន៍នយោបាយនៅប្រទេសចិន ជាពិសេសខ្ញុំយកចិត្តទុកដាក់បំផុតលើវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ការគ្រប់គ្រងនិងបច្ចេកទេសផលិតប្លាស្ទិក។ ខ្ញុំដឹងថាប្លាស្ទិកជាផលិតផលដ៏ល្អមួយសម្រាប់អនាគត ពីព្រោះមានផលិតផលជាច្រើននឹងធ្វើឡើងពីប្លាស្ទិក។ នៅពេលនោះ(បន្ទាប់ពីសង្គ្រាមលោកលើកទី២) មានមនុស្សមិនច្រើននោះទេនៅហុងកុងដែលដឹងពីសក្ដានុពលនេះ។ និយាយពីរោងចក្រដែលខ្ញុំធ្វើការវិញ ខណៈដែលមានសង្រ្គាមស៊ីវិលបានធ្វើឲ្យស្ថានភាពនយោបាយនៅចិនមានការប្រែប្រួល ខ្ញុំបានទាយដឹងមុនថាការលក់របស់យើង ៩០% ដែលនាំទៅកាន់ចិនដីគោកនិងធ្លាក់ចុះយ៉ាងគំហុក។ នៅឆ្នាំ១៩៤៩ ដូចជាការទាយទុករបស់ខ្ញុំ អាជីវកម្មរបស់យើងបានធ្លាក់ចុះ ៩០% ប៉ុន្ដែក្រុមហ៊ុនមិនបានរងគ្រោះធ្ងន់ធ្ងរនោះទេ  ពីព្រោះខ្ញុំមិនបានស្ដុកទំនិញច្រើន ហើយក៏មិនបានទិញវត្ថុធាតុដើមច្រើននោះដែរ។ ដោយសារតែស្នាដៃនេះ លោកប្រធានបានប្រាប់ខ្ញុំថា ខ្ញុំនឹងបានក្លាយជាប្រធានគ្រប់គ្រងទូទៅនៅការិយាល័យកណ្ដាល(សាខាធំ)។ ខ្ញុំសប្បាយរីករាយណាស់ចំពោះដំណឹងនេះ តែវាមិនមែនជាអ្វីដែលខ្ញុំចង់បាននោះទេ។ ខ្ញុំមានទំនុកចិត្តចំពោះឧស្សាហកម្មប្លាស្ទិកជាខ្លាំង ដូចនេះខ្ញុំបានបដិសេធ ហើយប្រាប់គាត់ថា ខ្ញុំនិងចាប់ផ្ដើមធ្វើអាជីវកម្មដោយខ្លួនឯង។ យ៉ាងណាក៏ដោយ មុនពេលខ្ញុំចាកចេញពីក្រុមហ៊ុន ខ្ញុំបានជួយប្រធានរបស់ខ្ញុំលក់ផលិតផលដែលនៅសល់ក្នុងស្ដុក និងបិទក្រុមហ៊ុនយ៉ាងរៀបរយនៅឆ្នាំ ១៩៤៩។ ខ្ញុំបានចាប់ផ្ដើមធ្វើអាជីវកម្មផ្ទាល់ខ្លួននៅឆ្នាំ ១៩៥០ ហើយបានដាក់ឈ្មោះថា Cheung Kong។

ដូច្នេះមានន័យថា លោកមិនចង់ជួយស្តារក្រុមហ៊ុនដែលលោកបានធ្វើការពិវិបត្តិទេ តែលោកចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួនជំនួយវិញ?

    ទេ‌! មិនដូច្នោះទេ កាលពិតទៅប្រធានរបស់ខ្ញុំចង់បិទទ្វាអាជីវកម្ម ហើយចាប់ផ្តើមសារជាថ្មីជាមួយខ្ញុំ ប៉ុន្ដែខ្ញុំចង់បង្កើតអាជីវកម្មខ្នាតតូចដោយខ្លួនឯង មិនត្រូវការដៃគូនោះទេ។ ខ្ញុំបានយល់ដឹងជាច្រើនអំពីអាជីវកម្មប្លាស្ទិក រួមទាំងបច្ចេកវិទ្យា ទីផ្សារ និងការលក់។ ខ្ញុំដឹងគ្រប់យ៉ាងរួមទាំងផ្នែកគណនេយ្យផងដែរ។ ឆ្នាំដំបូង ខណៈដែលខ្ញុំមិនមានដើមទុនគ្រប់គ្រាន់ ខ្ញុំធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងនៅក្រុមហ៊ុនរបស់ខ្ញុំផ្ទាល់ មិនថាសូម្បីការងារគណនេយ្យ។ ខ្ញុំចាំបាច់ត្រូវទៅ Inland Revenue Department (មន្ទីរពន្ធដារបស់ហុងកុង)  ដើម្បីសួរសាវនករថាតើគណនីយ្យរបស់ខ្ញុំត្រឹមត្រូវឬទេ ព្រោះថាខ្ញុំគ្មានបទពិសោធក្នុងការងារនេះទេ។ គាត់បានឆ្លើយតបថា វាពេញលេញហើយ ដូច្នេះខ្ញុំអាចយកវាទៅប្រកាស់ពន្ធបាន។ ខ្ញុំគ្មានបទពិសោធ ប៉ុន្ដែខ្ញុំបានសិក្សាស្វែងយល់ដោយការអានសៀវភៅគណនេយ្យ។ ខ្ញុំធ្វើអ្វីជាច្រើនដោយខ្លួនរបស់ខ្ញុំ ដែលវាជួយឲ្យការចំណាយកាន់តែតិច។ ខ្ញុំទទួលបានប្រាក់ចំណេញជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៥០។ ខ្ញុំមិនដែលបាត់បង់លុយសូម្បីតែមួយសេន។

តើលោកបានរៀនសូត្រពីអ្វីខ្លះនៅពេលចាប់ផ្តើមអាជីវកម្មដំបូង?

    ខ្ញុំបានចាប់ផ្ដើមដំបូងតាំងពីចំណុចសូន្យ ហើយក៏ឆ្លងកាត់គ្រប់ឧបសគ្គ គ្រប់កម្រិត និងធ្វើការគ្រប់ការងារពីតូចដល់ធំ។ ពីឆ្នាំ ១៩៥៦ ដល់ ១៩៥៨ ខ្ញុំបានទិញអចលនទ្រព្យមួយចំនួន។ ខ្ញុំបានទិញអចលនទ្រព្យលើកដំបូងជាមួយដៃគូរបស់ខ្ញុំ។។ ឆ្នាំ ១៩៥៨ ខ្ញុំបានក្លាយជាម្ចាស់កម្មសិទ្ធរោងចក្រដែលខ្ញំុជួលរៀងរាល់ខែ។ នៅឆ្នាំ ១៩៦០ យើងបានក្លាយជាក្រុមហ៊ុនធំបំផុតនៅហុងកុងខាងផ្នែកនាំចេញ។ បើនិយាយឲ្យស្រួលស្តាប់គឺថា ខ្ញុំបានចាប់ផ្ដើមធ្វើការក្នុងឆ្នាំ ១៩៤០ ហើយខ្ញុំបានចាប់ផ្ដើមប្រកបអាជីវកម្មផ្ទាល់ខ្លួននៅឆ្នាំ ១៩៥០ ហើយឆ្នាំ ១៩៦០ ខ្ញុំបានក្លាយជាឧស្សាហករធំជាងគេ។

   ខ្ញុំប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះបញ្ហាប្រាក់កាស់ពីព្រោះខ្ញុំបានឆ្លងកាត់ និងភ្លក់រស់ជាតិការលំបាកនានានៅពេលគ្មានប្រាក់។ អំឡុងការត្រួតត្រារបស់ជប៉ុននៅហុងកុង ៣ឆ្នាំ ៨ខែ ខ្ញុំតែងតែផ្ញើប្រាក់ខែ ៩០%របស់ខ្ញុំជូនម្ដាយខ្ញុំ។ ខ្ញុំមិនត្រូវការចំណាយអ្វីទាំងអស់។ ខ្ញុំកោរសក់ដូចជាលោកសង្ឃ។ នៅពេលនោះ សំបុត្រកុនមានតម្លៃថោកណាស់ តែខ្ញុំមិនដែលធ្លាប់បានទៅមើលកុននោះទេ ។ ខ្ញុំត្រូវសន្សំលុយគ្រប់កាក់គ្រប់សេនតាមតែអាចធ្វើទៅបាន ព្រោះថាពេលនោះឪពុករបស់ខ្ញុំកំពុលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ថ្លៃពេទ្យមិនជាថ្លៃនោះទេ ប៉ុន្ដែអ្នកត្រូវចំណាយលុយទិញថ្នាំ។

ជានិច្ចជាកាលខ្ញុំតែងតែចង់ត្រឡប់ទៅចូលរៀនម្ដងទៀត។ ឪពុករបស់ខ្ញុំជាគ្រូបង្រៀន ប៉ុន្ដែមិនមែនជាគ្រូនៅសាលាខ្ញុំរៀននោះទេ។ ខ្ញុំដឹងថាគាត់នឹងមិនសប្បាយចិត្ត ប្រសិនបើលទ្ធផលការប្រឡងរបស់ខ្ញុំមិនបានល្អ។ ខ្ញុំតែងតែស្ថិតនៅក្នុងចំណោមសិស្សពូកែក្នុងថ្នាក់ ទោះបីជាមិនមែនលេខមួយក៏ដោយ ព្រោះតែខ្ញុំចូលចិត្តលេងច្រើន។ ប្រសិនបើមិនមានការឈ្លានពានរបស់ជប៉ុននោះទេ ខ្ញុំជឿជាក់ថាខ្ញុំពិតជាបានលេខមួយនៅក្នុងថ្នាក់។ ឪពុករបស់ខ្ញុំតែងប្រាប់ខ្ញុំថា យើងមកពីក្រុមគ្រួសារដែលមានចំណេះដឹង។ កូនចៅគ្រប់ជំនាន់របស់គ្រួសារយើងយកចិត្តទុកដាក់ណាស់លើការសិក្សា។

   ខ្ញុំមានដើមទុនតិចតួចប៉ុណ្ណោះ នៅពេលខ្ញុំចាប់ផ្ដើមបើកអាជីវកម្ម។ ដូច្នេះខ្ញុំត្រូវតែម៉ុតចត់គ្រប់ជំហាន។ ខ្ញុំមិនដែលភ្លេចការរក្សាភាពនឹងនរ ខណៈដែលខ្ញុំឈានទៅមុខ ហើយខ្ញុំក៏មិនដែលភ្លេចឈានទៅមុខ ខណៈដែលខ្ញុំមានភាពនឹងនរ។ ស្ថេរភាព និងការរីកចម្រើនគឺត្រូវតែសមតុល្យ។

លោកមានទាំងចំណេះដឹង និងទំនុកចិត្ត តើលោកនៅតែប្រុងប្រយ័ត្នទៀតឬ?

    អស់រយៈពេលជាច្រើនឆ្នាំហើយ ខ្ញុំមិនធ្លាប់មានបំណុលនោះទេ។ សូម្បីតែឥឡូវនេះ ប្រសិនបើមាន ខ្ញុំអាចសងក្នុងពេល ២៤ម៉ោង ឬក៏ ៧២ម៉ោង។ ខ្ញុំនិយាយអំពីកម្ចីផ្ទាល់ខ្លួន មិនមែនសម្រាប់ក្រុមហ៊ុន Hutchison Whampoa នោះទេ។ ក្រុមហ៊ុន Hutchison គឺជាក្រុមហ៊ុនអភិរក្សនិយម។ ទ្រព្យសម្បត្តិភាគច្រើនរបស់ Hutchison ត្រូវបានកត់ត្រាតែថ្លៃដើមប៉ុណ្ណោះក្នុងតារាងតុល្យការ។ ដូននេះ នៅពេលណាដែលយើងត្រូវការទុនបន្ថែម យើងអាចយកទ្រព្យនោះមកបង្វិលបានយ៉ាងធូរ។

ព្រឹត្តិការណ៍ជាច្រើនបានកើតឡើងអស់រយៈពេល ៥០ឆ្នាំមកហើយ គឺតាំងពីឆ្នាំ ១៩៥០ មកដល់ឥឡូវនេះ ដែលជះឥទ្ធិពលមិនល្អដល់ហុងកុង។ ប៉ុន្ដែតើប៉ុន្មានដងហើយដែលអ្នកឮថាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Cheung Kong មានបញ្ហាក្នុងអំឡុង ៥០ឆ្នាំនេះ? គឺមិនធ្លាប់នោះទេ។ ហេតុផលនោះគឺ ខ្ញុំមានគោលនយោបាយមួយសម្រាប់ក្រុមហ៊ុនដោយចែងថា យើងតែងតែត្រៀមខ្លួនជាស្រេចសម្រាប់ហេតុការណ៍អាក្រក់។

                 នៅពេលអ្នកចាប់ផ្ដើមវិនិយោគអចលនទ្រព្យលើកដំបូងក្នុងឆ្នាំ ១៩៥៨ តើក្រុមហ៊ុនមួយនេះមានជាប់បំណុលដែរឬទេ?

     គ្មានទេ សម្រាប់ខ្ញុំអ្វីៗគឺប្រើសាច់ប្រាក់។ ខ្ញុំបានទិញដីដោយប្រាក់របស់ខ្ញុំផ្ទាល់។ ប្រសិនបើមាននរណាម្នាក់ហៅខ្ញុំឲ្យធ្វើជាដៃគូ ខ្ញុំនឹងចូលរួម ១៥% ទៅ ២០%ក្នុងនាមជាកូនហ៊ុនដោយប្រើប្រាស់ប្រាក់ដែលខ្ញុំមាន ប៉ុន្តែពួកគេវិញប្រហែលជាត្រូវខ្ចីលុយពីធនាគារ។ នៅខណៈនោះ ពេល Cheung Kong បានចូលទីផ្សាភាគហ៊ុននៅឆ្នាំ ១៩៧២ ក្រុមហ៊ុននេះស្ទើរតែគ្មានជាប់បំណុលនោះទេ។ ក្រុមហ៊ុនរបស់យើងយកចិត្តទុកដាក់បំផុតលើផ្នែកហិរញ្ញវត្ថុ។

តាមពិត ខ្ញុំមិនដែលគិតថាខ្ញុំជាអ្នករកស៊ីដ៏ល្អមួយរូបនោះទេ។ ហេតុផលនោះគឺ ទីមួយខ្ញុំមិនចូលចិត្តការកម្សាន្ដ។ អតិថិជនធំៗរបស់ខ្ញុំ តែងតែមកលេងខ្ញុំ២ដងក្នុងមួយឆ្នាំដើម្បីធ្វើការកម្មង់ទំនិញ។ ដូចនេះ ខ្ញុំតែងទទួលគាត់ដោយអាហារពេលល្ងាចយ៉ាងស្ងប់ស្ងាត់ជាមួយពួកគេ បន្ទាប់ពីទទួលទានរួចពួកគេតែងតែបបួលខ្ញុំបន្តទៅក្លឹបរាត្រី ឬក៏កន្លែងរាំលេង តែខ្ញុំតែងតែបដិសេធ។ ទីពីរ ខ្ញុំជាមនុស្សស្មោះត្រង់បំផុត។ ខ្ញុំតែងតែធ្វើឲ្យបានសម្រាប់ពាក្យសន្យារបស់ខ្ញុំ។ ផ្ទុយស្រឡ:ពីបច្ចុប្បន្ននេះ មនុស្សជាច្រើនមិនគោរពតាមពាក្យសន្យា សូម្បីតែចុះកុងត្រាហើយក៏អាចលុបចោលបានដែរ។

                       ចុះ! តើអ្វីជាគន្លឹះសម្រាប់កសាងទំនាក់ទំនងអាជីវកម្មដ៏ល្អនោះ?

   ចំណុចសំខាន់បំផុតនោះគឺ ការកសាងកេរ្តិ៍ឈ្មោះឲ្យបានល្អបំផុត។ ពេលណាមួយដែលខ្ញុំនិយាយថា «យល់ព្រម» នោះគឺជាកិច្ចសន្យា។

                      សំនួរចុងក្រោយ នៅពេលនេះលោកមានអាយុ៨៣ឆ្នាំហើយ តើលោកមានគម្រោងចូលនិវត្តន៍ឬទេ?

   បាទ គ្មានគម្រោងទេ។

No comments: