Slide show

​ហេតុផល​​​ ៥ យ៉ាង​បញ្ជាក់​ថា ហេតុអ្វី​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​មាន​ឱកាស​ជោគជ័យ​ជាង​អ្នក​មិន​ចូលចិត្ត​អាន​សៀវភៅ?

 

  + អ្នក​ជោគជ័យ​ គឺជា​មនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វីមួយ​ តាម​ការ​យល់ឃើញ​របស់​ខ្លួន​។ ទន្ទឹម​នឹង​នេះ​ដែរ ​អ្នក​ជោគជ័យ​ក៏​ត្រូវតែ​ជា​មនុស្ស​ដែល​ចូលចិត្ត​អាន​សៀវភៅ​ផង​ដែរ ព្រោះ​ការ​អាន​សៀវភៅ​ផ្តល់​ចំណេះដឹង​ជាច្រើន​ ដែល​មានប្រយោជន៍​សម្រាប់​អនុវត្តន៍​ក្នុង​ជីវិត​រស់នៅ​ជាក់ស្តែង។

     ខាង​ក្រោម​នេះ គឺជា​ហេតុផល​ចំនួន​៥​យ៉ាង​ ដែល​បញ្ជាក់​ថា ​អ្នកចូលចិត្ត​អាន​សៀវភៅ​គឺ​មាន​ឱកាស​ជោគជ័យ​ច្រើន​ក្នុង ​ជីវិត​៖



១) ​មាន​ជំនាញ​ក្នុង​ការ​ផ្ដោត​អារម្មណ៍​​
​ក្នុង​ ការ​អាន​សៀវភៅ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ​ព្រោះ​បើ​មិន​យកចិត្តទុកដាក់ ឬ មិន​ចេះ​ផ្ដោត​អារម្មណ៍​ទេ ប្រាកដ​ជា​មិន​អាច​អាន​សៀវភៅ​ចប់ចុងចប់ដើម​នោះ​ឡើយ។ ​មាន​ន័យ​ថា អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ​ គឺ​ជា​មនុស្ស​ដែល​ពូកែ​ផ្ដោត​អារម្មណ៍​ខ្ពស់ ដូច្នេះ​កាលណា​ មនុស្ស​ពូកែ​ចំណុច​នេះ​ វា​ធ្វើ​ឲ្យ​ពួកគេ​អាច​ធ្វើអ្វីៗ​ប្រកប​ដោយ​ប្រសិទ្ធភាព​ អាច​ក្តោប​ព័ត៌មាន​បាន​ច្រើន​នូវ​អ្វី​ដែល​​ខ្លួន​​អាន​។


២) ពូកែ​បង្កើត​គោលដៅ
​​អ្នក​ដែល​ចូលចិត្ត​អាន​ សៀវភៅ​ សុទ្ធតែ​មាន​គោលដៅ​ច្បាស់លាស់​ ព្រោះ​សៀវភៅ​មាន​ច្រើន​ណាស់​ ប្រសិនបើ​គ្មាន​ផែនការ និង គោលដៅ​ច្បាស់លាស់​​ក្នុង​ការ​ទទួល​បាន​អ្វីមួយ​ពី​ការ​អាន​ទេ ប្រហែល​ជា​មិនអាច​អាន​ដើម្បី​ជា​ប្រយោជន៍​នោះ​ឡើយ។ ដូច្នេះ​ អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ​ ប្រាកដជា​ពូកែ​ក្នុង​ការ​បង្កើត​គោលដៅ​។ កាល​ណា​អ្នក​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ការ​ធ្វើអ្វី​មួយ អ្នក​ប្រាកដ​ជា​អ្នក​សម្រេច​តាម​ក្តី​ប្រាថ្នា​មិនខាន។


៣) ចេះ​ប្រើ​ពេល​​ឲ្យ​​មាន​ប្រយោជន៍
សម្រាប់​អ្នក​ ដែល​ចូលចិត្ត​អាន​សៀវភៅ ពួកគេ​មិន​ទុក​ឲ្យ​ពេលវេលា​​ឲ្យ​ទំនេរ​ចោល​ឥតប្រយោជន៍​នោះ​ទេ ពោល​គឺ​ តែងតែ​រក​អ្វី​ដែល​ថ្មី​ និង មានប្រយោជន៍​សម្រាប់​ខ្លួន​តាមរយៈ​ការ​អាន​។ ដូច្នេះ​ហើយ ​អ្នក​ដែល​ជោគជ័យ គឺ​ជា​មនុស្ស​ដែល​ចេះ​ប្រើ​ពេលវេលា​យ៉ាង​មាន​ប្រយោជន៍​បំផុត​ ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ​ សម្រាប់​ការ​រស់​នៅ​របស់​​ខ្លួន​។

៤) ​មាន​ការ​គិត​រហ័សរហួន
ដូចដែល​បាន​ដឹង​ហើយ​ថា ​ការ​អាន​សៀវភៅ ពិតជា​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​ជីវិត​របស់​មនុស្ស​ម្នាក់ៗ ព្រោះថា​ មនុស្ស​អាច​ទទួល​បាន​ចំណេះដឹង​ជា​ច្រើន​ប្រភេទ​។ ការ​ដឹងព័ត៌មាន​ច្រើន​នោះ​ហើយ ធ្វើ​ឲ្យ​អ្នក​មាន​ការ​គិត​ទូលាយ​ និង មាន​ភាព​រហ័សរហួន​បំផុត​ ដើម្បី​ឆ្លើយតបទៅនឹង​ស្ថានការណ៍​ពិត​ជាក់ស្តែង។

៥) មាន​ការ​ចងចាំ​ល្អ
ជាទូទៅ​ ​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ​តែងតែ​មាន​ការ​ចងចាំ​ល្អ ព្រោះថា ខួរក្បាល​របស់​ពួកគេ​តែង​​ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ​ជាមួយ​នឹង​ព័ត៌មាន និង ចំណេះដឹង​ជាច្រើន​តាមរយៈ​ការ​អាន។ បើ​ធៀប​នឹង​អ្នក​ដែល​មិន​ចូល​ចិត្ត​អាន​សៀវភៅ​ ខួរក្បាល​របស់​អ្នក​ចូលចិត្តអាន​ ​គឺ​ពូកែ​ចងចាំ​ជាង​។ កាលណា​ខួរក្បាល​មាន​ការ​ចងចាំ​ល្អ​ វា​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​មនុស្ស​មាន​ភាព​ជោគជ័យ​ផង​ ដែរ​៕

 

No comments: