ប្រវត្តិរូបសង្ខេប និង ការងារ Michael Bloomberg
ប្រវត្តិរូបសង្ខេប និង ការងារ
លោក Michael Bloomberg បានកើតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៤២ នាទីក្រុង Boston រដ្ឋ Massachusetts។ លោកកើតក្នុងត្រកូលក្នុងគ្រួសារធូរធារមួយ ដែលមានឪពុកជាបណ្ណារក្ស (អ្នកថែរក្សា ទុកដាក់សៀវភៅនៅសាកលវិទ្យាល័យ។ លោក Bloomberg គឺជាអតីតនិស្សិតសាកលវិទ្យាល័យ Hopkins និង Harvard ជាកន្លែងដែលលោកសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ( Business Administration) ក្នុងឆ្នាំ១៩៦៦។
ការងារដំបូងដែលលោកទទួលបាននៅ Wall Street គឺជាបុគ្គលិកធនាគារ Salomon Brothers ក្នុងឆ្នាំ១៩៧២ ។ នៅទីនេះហើយ ដែលលោកបានហក់ឡើងដំណែងយ៉ាងរហ័សរហូតបានក្លាយជាដៃគូជំនួញមានមុខតំណែងជាអ្នកទទួលខុសត្រូវផ្នែកលក់ក្នុងធនាគារនេះក្នុងឆ្នាំ ១៩៧២។
នៅឆ្នាំ ១៩៧៩ ប្រធានធនាគារ Salomon Brothers លោក John Gutfreund បានស្នើសុំឲ្យលោក Bloomberg ចុះចេញពីតំណែងរបស់លោកមកទទួលបន្ទុកផ្នែកគ្រប់គ្រងវិស្វកម្មប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនវិញ។ ប៉ុន្តែគាត់បានបដិសេធន៍។
ទោះបីជានេះក្តី ២ឆ្នាំក្រោយមក ពោលគឺនៅថ្ងៃទី៣១ខែ កក្កដាឆ្នាំ១៩៨១ ប្រធានធនាគារខាងលើបានប្រកាសទំលាយក្រុមហ៊ុនពីក្រុមហ៊ុនឯកជនទៅជាក្រុមហ៊ុនសាធារណទិញលក់ទំនិញ ដែលមានឈ្មោះថា Phibro Corporation។
នេះបានធ្វើឲ្យBloomberg មិនពេញចិត្ត និងត្រូវបានបណ្តេញចេញពីក្រុមហ៊ុននេះជាមួយទឹកប្រាក់១០លានដុល្លារជាថ្នូរនឹងការចាកចេញរបស់លោក។
បង្កើតក្រុមហ៊ុន Bloomberg L.P.
នៅក្នុងឆ្នាំ១៩៨១ លោក Bloomberg បានសម្រេចចិត្តបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយសម្រាប់ការផ្តល់ព័ត៌មានហិរញ្ញវត្ថុតាមប្រព័ន្ធកុំព្យូទ័រ (Financial Information Computer។ គាត់បានដាក់ចិត្តដាក់កាយជាមួយក្រុមហ៊ុនរបស់លោក ជាមួយដើមទុន៤លានដុល្លារប៉ុណ្ណោះ សម្រាប់បើកអាជីវកម្មតំបូងនេះ ក្នុងការអភិវឌ្ឍប្រព័ន្ធកុំព្យូទ័រដែលអាចផ្តល់ព័ត៌មានដល់អតិថិជនពីទីផ្សារសញ្ញាប័ណ្ណ(Bond Markets)។
ពីមួយថ្ងៃទៅមួយថ្ងៃ ទីតាំងក្រុមហ៊ុនស្ថិតនៅក្នុងបន្ទប់អាគារជួលតូចមួយបានរីកធំធាត់ជាបន្តបន្ទាប់ ហើយមួយឆ្នាំក្រោយមក ពោលគឺនៅក្នុងឆ្នាំ១៩៨២ ធនាគារ Merrill Lynch របស់អាមេរិកបានទិញភាគហ៊ុនមួយចំនួននៅក្រុមហ៊ុនលោក Bloomberg និងវិនិយោគទឹកប្រាក់បន្ថែមចំនួន ៣០លានដុល្លារ។
ក្រុមហ៊ុនរបស់លោកបានបោះជំហានទៅមុខយ៉ាងឆាប់រហ័ស ហើយនៅក្នុងឆ្នាំ ១៩៨៦ ក្រុមហ៊ុនរបស់លោកបានប្តូរឈ្មោះទៅជាក្រុមហ៊ុន Bloomberg L.P. ដែលមានការិយាល័យចំនួន១០០ទីតាំងនៅជុំវិញពិភពលោកដែលមានគេហទំព័រសារព័ត៌មានល្បីល្បាញ Bloomberg.com ស្រាប់ សម្រាប់ផ្តល់ព័ត៌មានទូទៅដែលផ្តោតសំខាន់លើផ្នែកហិរញ្ញវត្ថុ និង សេដ្ឋកិច្ច ទន្ទឹមនឹងមានបុគ្គលិកបម្រើការងារចំនួន ១៥.០០០នាក់។
ជាប់ជាអភិបាលក្រុងញីវយ៉ក (New York) ចំនួន ៣ អាណត្តិ
ភាពជាអ្នកជំនួញ មិនបានធ្វើឲ្យលោក Bloomberg ស្កប់ស្កល់នោះឡើយ ពោលគឺនៅក្នុងឆ្នាំ២០០២ លោកបានប្រឡូកចូលក្នុងឆាកនយោបាយអាមេរិក រហូតបានជាប់ឈ្មោះជាអភិបាលក្រុង New York មកពីគណបក្សសាធារណរដ្ឋ។
គោលនយោបាយយ៉ាងមានប្រសិទ្ធភាពរបស់លោក Bloomberg សម្រាប់ការអភិវឌ្ឍ សុវត្ថិភាព និង សន្តិសុខនៅក្នុងទីក្រុងធំបំផុតរបស់ខ្លួនមួយនេះ បានធ្វើឲ្យមហាសេដ្ឋីរូបនេះបានជាប់ឆ្នោតជាថ្មីនៅក្នុងអាណត្តិទី២ក្នុងឆ្នាំ២០០៥ ។ មកដល់ឆ្នាំ២០០៨ ខណៈដែលអាមេរិកកំពុងជួបវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ លោកនៅតែរក្សាតំណែងរបស់លោកដដែល រហូតដល់ជាប់ឆ្នោតសាជាថ្មីក្នុងអាណត្តិទី៣មុនពេលលោកបញ្ចប់អាណត្តិរបស់លោកកាលពីឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ។
ក្នុងវ័យ ៧២ឆ្នាំ និងមានប្រាក់ ៣៤ ពាន់លានដុល្លារក្នុងដៃនៅពេលបច្ចុប្បន្ន លោក Bloomberg បានចូលរួមក្នុងកម្មវិធីនានាដូចជាបានធ្វើបទសម្ភាសន៍ឲ្យ ទស្សនាវដ្ដី Forbes ដ៏ល្បីរបស់អាមេរិកជុំវិញមុខជំនួញយ៉ាងជោគជ័យរបស់លោក។
តាមបទពិសោធន៍ជាអតីតចៅហ្វាយក្រុងកាន់តំណែង៣អាណត្តិ និង ជាសហគ្រិន អាចអភិវឌ្ឍក្រុមហ៊ុនរបស់លោកចេញពីក្រុមហ៊ុនតូចតាចទៅជាស្ថាប័នក្រុមហ៊ុនធំមួយនៅពេលបច្ចុប្បន្ន លោកបានលើកគោលការណ៍ចំនួន៥ ជួយលើកទឹកចិត្តសហគ្រិនទូទៅឲ្យទទួលបានជោគជ័យដែលនោះគឺ៖
១) ប្រឈមមុខនឹងបញ្ហា
កាលពីលោកមានអាយុ ៣៩ឆ្នាំ លោក Bloomberg ត្រូវបណ្តេញចេញពីការងារដែលលោកស្រលាញ់បំផុត។ វាពិតជាអយុត្តធម៌ណាស់សម្រាប់លោកនៅពេលនោះ តែដូចជាអរគុណម្យ៉ាងដែរដល់ក្រុមហ៊ុននោះ ត្បិតអីការបណ្តេញចេញនេះ បានបើកឱកាសឲ្យលោកឈប់ធ្វើជាបុគ្គលិកធ្វើការឲ្យគេ មកបើកក្រុមហ៊ុនផ្ទាល់ខ្លួនវិញក្នុងឆ្នាំ១៩៨២។ នោះគឺ Bloomberg L.P. ជាក្រុមហ៊ុនល្បីល្បាញនៅលើពិភពលោកមកដល់សព្វថ្ងៃនេះ។
លោកបានលើកឡើងថា លោកមិនបណ្តោយឲ្យដានអាក្រក់អតីតកាលរបស់លោកមកបំផ្លាញភាពបរាជ័យរបស់លោកនៅបច្ចុប្បន្នភាពបានឡើយ។ លោកត្រូវតែប្រឈមឧបសគ្គនេះ នឹងងើបបន្តបោះជំហានដោយខ្លួនឯងយ៉ាងស្វាហាប់ទាំងមុខជំនួញ និង ឆានយោបាយប្រចាំក្រុងញីវយ៉ក។ លោកបានបន្ថែមថា បើអ្នកចង់ជោគជ័យ លុះត្រាតែទទួលយកភាពបរាជ័យរបស់អ្នកដោយរីករាយ ហើយត្រូវលើកទឹកចិត្តខ្លួនឯង មិនចុះចាញ់ភាពបរាជ័យនោះ។
២) បង្កើតសំណាងខ្លួនឯងឲ្យកាន់តែច្រើន
«ភ័ព្វសំណាង គឺឱកាសមួយយ៉ាងសំខាន់នៃភាពជោគជ័យ។ អ្នកដែលខិតខំព្យាយាម នឹងមានសំណាងកាន់តែច្រើន»។ នេះជាសម្ដីរបស់លោក Bloomberg។
លោក Bloomberg និយាយថា សំណាងអាចកើតមានច្រើនបំផុតសម្រាប់អ្នកណាដែលចេះតស៊ូព្យាយាមតែប៉ុណ្ណោះ។ ដើម្បីទទួលបានសំណាងទាំងនោះ អ្នកត្រូវតែធ្វើជាបុគ្គលសកម្មបំផុតក្នុងការងារប្រចាំថ្ងៃ ពោលគឺត្រូវក្រោកមកធ្វើការពីព្រលឹម និង ចេញទៅវិញនៅពេលយប់។ ការខិតខំរបស់អ្នកនឹងបង្កើតឱកាសកាន់តែច្រើនដែលអ្នកដទៃមិនអាចមានដូចអ្នក។
៣) បង្កើតទំនាក់ទំនងជានិច្ច
នៅពេលដែលលោកចាប់ផ្តើមដំណើរការក្រុមហ៊ុនជាលើកដំបូង លោកបានស្ទុះស្ទាខ្លាំងក្នុងការបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសាធារណជន ដើម្បីស្វែងយល់ពីចំណាប់អារម្មណ៍របស់ពួកគេលើផលិតផលរបស់លោក។ ការណែនាំខ្លួន ប្រៀបដូចជាការលក់ទំនិញ បន្តិចប្តងៗបានរុញច្រានឲ្យក្រុមហ៊ុនរបស់លោកចាប់ផ្តើមមានចំណាប់អារម្មណ៍ពីសាធារណជនកាន់តែច្រើនឡើង។ ៣ឆ្នាំក្រោយមក បុគ្គលម្នាក់ដែលគេមិនសូវស្គាល់រូបនេះបានចាប់ផ្តើមមានឈ្មោះបោះសម្លេង រហូតមានដៃគូមកវិនិយោគជាមួយលោកជាបន្តបន្ទាប់។
៤) បន្តការសិក្សារៀនសូត្រជាប្រចាំ
លោក Bloomberg និយាយថា ពិភពលោកសម្បូរទៅដោយមនុស្សដែលចូលចិត្តបញ្ចប់ព្រំដែនសមត្ថភាពខួរក្បាលរបស់ខ្លួនណាស់។ មនុស្សប្រភេទនេះ នឹងផ្តល់ចម្លើយ១លានហេតុផលពីអ្វីដែលពួកគេមិនអាច និង មិនគួរធ្វើ តែគ្មានដំណោះស្រាយល្អណាមួយគួរឲ្យកោតសរសើរសម្រាប់ខ្លួនឯងទាល់តែសោះ។
សម្រាប់ខ្លួនលោកផ្ទាល់ លោកបានចាត់ទុកការសិក្សារៀនសូត្រប្រៀបបានដូចជាខ្សែទឹក ហូរមិនចេះហត់ ដែលលោកត្រូវយកមកអនុវត្តជាប្រចាំលើមុខជំនួញរបស់លោក។ ការសិក្សារៀនសូត្រជាប្រចាំ នឹងជួយបំពេញភាពចន្លោះខ្វះខាត និងបង្កើនសក្ដានុពលខួរក្បាលរបស់លោកឲ្យកាន់តែរីកចម្រើនទៅមុខ។
៥) ការចែករំលែក
មនុស្សត្រូវទទួលខុសត្រូវលើភាពជោគជ័យ និងភាពបរាជ័យរបស់ខ្លួន តែលោក Bloomberg យល់ថា ភាពជោគជ័យអាចកើតមានឡើងកាន់តែច្រើនឡើងនៅពេលដែលអ្នកចេះចែករំលែកទៅមនុស្សផ្សេងទៀត។ លោកបានបន្ថែមថា ការចែករំលែកនេះមិនចាំបាច់តម្រូវឲ្យអ្នកមានលុយកាក់ច្រើននោះឡើយ។ ប៉ុន្តែ វាជាការចែករំលែកចំណេះដឹង បង្កើនភាពស្និទ្ធស្នាលជាមួយអ្នកដទៃ នោះគឺគ្រប់គ្រាន់អាចធ្វើឲ្យអ្នកមានសមាជិកកាន់តែរឹងមាំបាន៕
No comments: