គោលដៅឆ្នាំ២០១៥ របស់អ្នកបង្កើត Facebook
អានសៀវភៅ ១ក្បាលក្នុងមួយសប្តាហ៍
ចុះអ្នកវិញ? តើមានសៀវភៅប៉ុន្មានក្បាល ដែលអ្នកមានគម្រោង ដើម្បីបញ្ចប់ការអាន នៅចុងឆ្នាំ២០១៥នេះ?
ការអាន គឺជាការផ្តល់នូវចំណេះដឹងដ៏ទូលំទូលាយ និងផ្តល់ឲ្យខួរក្បាល ធ្វើការបានយ៉ាងល្អ ដែលបច្ចេកវិទ្យាសម័យទំនើបនេះ មិនអាចជួយបាន ដូចការអាននោះទេ។ វាជាផលដ៏យូរអង្វែងមួយ ដែលស្ថិតនៅក្នុងជីវិតរបស់យើង អាចជួយរកមធ្យោបាយ និងដោះស្រាយរាល់បញ្ហា ដែលយើងតែងតែ ជួបប្រទះជារៀងរាល់ថ្ងៃ ហើយអាចអភិវឌ្ឍន៍ខ្លួនយើង ឲ្យមានការយល់ដឹង កាន់តែច្រើន នាំយើងឆ្ពោះទៅកាន់ជំហានថ្មីមួយទៀត ស្របទៅតាមគោលបំណង ដែលមនុស្សគ្រប់គ្នាចង់បាន។
Mark Zuckerberg បង្កើតគំនិតច្នៃប្រឌិត ដោយការអានសៀវភៅ ហេតុអ្វីយើងមិនអាច?
មធ្យោបាយដែលចំណាយតិចបំផុត និងងាយស្រួលបំផុតនោះ គឺការពង្រីកទស្សនៈរបស់យើង ដោយការអាន។ មនុស្សដែលជោគជ័យ តែងតែធ្វើការអានជារៀងរាល់ថ្ងៃ ដើម្បីធ្វើឲ្យខ្លួនរបស់ពួកគេ បានដឹងនូវរឿងរ៉ាវថ្មីៗជាប្រចាំ។ យោងតាមការបោះពុម្ភផ្សាយដោយមជ្ឈមណ្ឌល Pew Research Center ជាស្ថាប័នមួយដែលផ្តល់នូវ ព័ត៌មានទាក់ទងនឹងសង្គម បានឲ្យដឹងថា ជនជាតិអាម៉េរិក អាយុចម្លោះពី ១៦ ដល់ ៦៥ឆ្នាំ បានអាចសៀវភៅ ជាមធ្យមចំនួន ៦ក្បាល ក្នុងរយៈពេលមួយឆ្នាំ ដោយហេតុផលដ៏សំខាន់បំផុត នៃការអាននេះ គឺធ្វើឲ្យមនុស្សវៃឆ្លាត។
ដូច្នេះត្រឡប់មកវិញ ការអានគឺជាអាទិភាពមួយ ដើម្បីអភិវឌ្ឍន៍ចំណេះដឹង របស់មនុស្ស ជាផ្នែកមួយនៃគន្លឹះដ៏សំខាន់ ដើម្បីទទួលបានភាពជោគជ័យ។ អ្វីគ្រប់យ៉ាងតែងតែមានការប្រែប្រួល លើកលែងតែចំណេះដឹងប៉ុណ្ណោះ ដែលមាននិរន្ត៍ភាព វាមិនត្រឹមតែនៅក្បែយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធ្វើឲ្យយើង ក្លាយជាមនុស្សល្អម្នាក់ផងដែរ។ អានសៀវភៅមួយពាន់ក្បាល គំនិតរបស់អ្នក នឹងហូរដូចទឹកទន្លេរ៕
No comments: